ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា លោក និងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានពិភាក្សាគ្នាអំពីសម្ព័ន្ធភាពរបស់ប្រទេសទាំង២ និងបំណងប្រាថ្នារបស់មេដឹកនាំទាំង២ ក្នុងការពង្រឹងទំនាក់ទំនងដ៏ស៊ីជម្រៅនោះ អំឡុងពេលជជែកគ្នាតាមទូរសព្ទ នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) នេះ។
លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា ការជជែកតាមទូរសព្ទជាមួយលោក Trump គឺមាន «ភាពរួសរាយរាក់ទាក់ណាស់» និង «ផលិតភាពណាស់» ហើយបាននិយាយថា លោកគ្រោងនឹងជួបលោក Trump ឲ្យបានឆាប់តាមដែលលោកអាចធ្វើបាន។
រដ្ឋបាលអាយុកាល ២ឆ្នាំរបស់លោក Marcos បានពង្រឹងទំនាក់ទំនងការពារជាតិរបស់ទីក្រុងម៉ានីលជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈប្រទេសទាំង២ ជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខរួមទូទៅ ហើយក្នុងជំនួបតាមទូរសព្ទនេះ មេដឹកនាំហ្វីលីនពីនបានប្រាប់ថា៖ «ខ្ញុំយល់ថា ប្រធានាធិបតីជាប់ឆ្នោត លោក Trump សប្បាយចិត្តដែលបានឮសំឡេងនិយាយចេញពីប្រទេសហ្វីលីពីន»។
គួរបញ្ជាក់ថា លោក Marcos បានប្រឹងប្រែងកសាងឡើងវិញនូវទំនាក់ទំនងដែលមានភាពរអាក់រអួល នៅក្រោមការគ្រប់គ្រងរបស់អ្នកកាន់តំណែងមុន គឺលោក Rodrigo Duterte ដែលបង្ហាញនូវអរិភាពដោយបើកចំហ ចំពោះសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន លោកបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយនេះជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ដែលត្រូវបានធ្វើឡើងដោយមេដឹកនាំហ្វីលីពីន ក្នុងរយៈពេលជាង ១០ឆ្នាំ។
ហ្វីលីពីន ដែលជាអតីតដែនដីអាណានិគមរបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងគោលនយោបាយឥតញញើតញញើមកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងឆ្ពោះទៅកាន់កោះតៃវ៉ាន់៕

