ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនទាហានកូរ៉េខាងជើងដែលឈរជើងនៅក្នុងប្រទេសរុស្ស៊ី អាចនឹងកើនឡើងដល់ ១០ម៉ឺននាក់ ។
ទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិច និយាយថា កូរ៉េខាងជើង បានផ្គត់ផ្គង់សព្វាវុធ និងទាហានដល់រុស្ស៊ី ដើម្បីពង្រឹងការវាយលុកទ្រង់ទ្រាយពេញលេញរបស់ពួកគេនៅអ៊ុយក្រែន ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមអនឡាញទៅកាន់សភាអឺរ៉ុបថា បច្ចុប្បន្ន លោក Putinនាំទាហានកូរ៉េខាងជើង ១១.០០០នាក់ ទៅកាន់ព្រំដែនអ៊ុយក្រែន ។ ទ័ពជំនួយនេះ អាចនឹងកើនឡើងដល់ ១០ម៉ឺននាក់ ។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា ទាហានកូរ៉េខាងជើង បានចូលរួមប្រតិបត្តិការសឹករួចទៅហើយប្រឆាំងកងកម្លាំងអ៊ុយក្រែន ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាកិច្ចព្រមព្រៀងឲ្យក្លាយជាច្បាប់ក្នុងខែនេះ លើភាពជាដៃគូយុទ្ធសាស្រ្តជាមួយកូរ៉េខាងជើង ដែលរួមទាំងការផ្តល់ការការពារគ្នាទៅវិញទៅមក ៕


