ក្រុមមន្រ្តីអ៊ុយក្រែន និយាយនៅថ្ងៃអង្គារនេះថា មនុស្ស ១២នាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរុស្ស៊ីលើតំបន់ភាគឦសាន Sumy ។
សេវាកម្មសង្រ្គោះបន្ទាន់បានចែករំលែករូបភាពវីដេអូឃ្លីបតាមអនឡាញ ឃើញក្រុមការងារសែងថង់ច្រកសាកសពនៅលើស្នែង ។
សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារយានដ្រូនកាលពីយប់កន្លងទៅលើអគាររស់នៅអ្នកស្រុក ស្ថិតក្នុងទីក្រុង Hlukhiv ជាប់ព្រំដែនរុស្ស៊ី បណ្តាលឲ្យមនុស្ស ១១នាក់ផ្សេងទៀត រងរបួសផងដែរ រួមទាំងកុមារ ២នាក់ ។
ក្រុមនគរបាល និយាយថា អគារខ្ពស់ ២កន្លែង និងមន្ទីរពេទ្យ ១កន្លែង បានរងការខូចខាត ។
រដ្ឋបាលយោធាតំបន់ Sumy និយាយថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់យានដ្រូន ២គ្រឿង នៅក្នុងការវាយប្រហារនេះ ។
សូមបញ្ជាក់ថា រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ Sumy ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ៕


