ការិយាល័យរបស់នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) និងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានសន្យាថា នឹងគាំទ្រដល់រដ្ឋបាលរបស់គ្នាទៅវិញទៅមក អំឡុងពេលជជែកគ្នា តាមទូរសព្ទ។
លោកស្រី Paetongtarn ដែលចូលកាន់តំណែងកាលពីខែកញ្ញា និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ថៃ បានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ប្រទេសលោកស្រី ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានលើកឡើងថា លោក Trump បានសរសើរការងាររបស់លោកស្រី។
បើយោងតាមវីដេអូដែលបង្ហាញពីការសន្ទនា អមជាមួយសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោក Trump បាននិយាយថា៖ «អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន អ្នកប្រាប់ខ្ញុំឲ្យដឹងមកចុះ»។
គួរបញ្ជាក់ថា ប្រទេសថៃ គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន នៅអាស៊ី និងជាកន្លែងដែលមានវត្តមានការទូតដ៏ធំបំផុតមួយ នៅក្នុងតំបន់។ ប្រទេសទាំង២ ធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ និងចូលរួមក្នុងការផ្លាស់ប្តូរជាច្រើនជាមួយគ្នា ក្នុងនោះរួមទាំងការអនុវត្តច្បាប់ផងដែរ៕

