អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ហើយកាលបរិច្ឆេតនៃដំណើបំពេញទស្សនកិច្ចនេះ នឹងប្រកាសឲ្យដឹងនៅពេលខាងមុខ ។
លោក Peskov និយាយថា ក្រោយដំណើរទស្សនកិច្ច ២លើករបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Modi មកកាន់រុស្ស៊ី ឥឡូវពួកយើងមានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេសឥណ្ឌាវិញម្តង ។
លោកបន្តថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកយើងនឹងកំណត់ឲ្យបានច្បាស់លាស់កាលបរិច្ឆេតនៃដំណើរបំពេញទស្សនកិច្ចរបស់លោក Putin ប៉ុន្តែអ្នកដឹងហើយថា មេដឹកនាំរបស់ពួកយើងត្រូវផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក្រោយលោក Modiបានធ្វើដំណើរ ២លើកមកកាន់ប្រទេសរុស្ស៊ី ។
ទីក្រុងញូវដែល្លី ចែករំលែកចំណងមិត្តភាពជាមួយទីក្រុងម៉ូស្គូ តាំងពីសម័យសហភាពសូវៀតមកម្ល៉េះ ប៉ុន្តែពួកគេបានងាកទៅជិតស្និតជាមួយលោកខាងលិច ជាពិសេសទីក្រុងវ៉ាស៊ីងតោន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពេលដែលពួកគេធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន និងពង្រីកទំនាក់ទំនងភូមិសាស្រ្តនយោបាយ ៕

