ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) (យូនីសេហ្វ) នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) បានឲ្យដឹងថា កុមារជាង ២០០នាក់ ត្រូវបានសម្លាប់ ហើយ ១,១០០នាក់ បានរងរបួស នៅប្រទេសលីបង់ ក្នុងរយៈពេល ២ខែកន្លងមកនេះ។
ជម្លោះដែលមានរយៈពេលជាង ១ឆ្នាំមកហើយ ក្នុងប្រទេសលីបង់ បានឈានដល់សង្រ្គាមពេញបន្ទុក នៅចុងខែកញ្ញា នៅពេលដែលអ៊ីស្រាអែលបានបើកការវាយលុកដ៏ធំមួយ ប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានប្រាប់ថា៖ «ទោះបីជាកុមារជាង ២០០នាក់ ត្រូវបានសម្លាប់ នៅប្រទេសលីបង់ ក្នុងរយៈពេលមិនដល់ ២ខែក៏ដោយ ក៏គំរូដ៏គួរឲ្យតក់ស្លុត បានលេចឡើង នោះគឺថា ការស្លាប់របស់ពួកគេ បានកើតមានដោយសារអសកម្មភាពរបស់អ្នកដែលអាចបញ្ឈប់អំពើហិង្សានេះបាន។ សម្រាប់កុមារនៃប្រទេសលីបង់ វាបានក្លាយទៅការធ្វើឲ្យទៅជាធម្មតាមនៃភាពភ័យរន្ធត់យ៉ាងស្ងៀមស្ងាត់»។
តែយ៉ាងណាក្ដី លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើអ្នកណាត្រូវទទួលខុសត្រូវ ចំពោះការសម្លាប់នេះ ដោយលោកបាននិយាយថា រឿងនេះគឺច្បាស់លាស់ណាស់ ចំពោះអ្នកណា ដែលតាមដានប្រព័ន្ធផ្សព្វផ្សាយជាប់រហូត៕