ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein និយាយនៅថ្ងៃអង្គារនេះថា លោកមាននូវកិច្ចប្រជុំលក្ខណៈស្ថាបនាជាមួយប្រធានសភាលីបង់លោក Nabih Berri នៅទីក្រុងបេរូត ។
ជំនួបនេះ បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ យល់ព្រមលើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក បើទោះបីជាមានសេចក្តីអត្ថាធិប្បាយមួយចំនួនលើខ្លឹមសារក៏ដោយ ។
លោក Hochstein បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងបានបន្តបិទគំលាតតាមរយៈកិច្ចពិភាក្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយជាពិសេសនៅថ្ងៃនេះ ពួកយើងបន្តបិទគំលាតបន្ថែមទៀត ។
កិច្ចប្រជុំនេះ បង្ហាញវឌ្ឍនភាពនៅក្នុងកិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីងតោន ក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល ។
លោក Hochstein បាននិយាយថា លោកនៅទីនេះក្នុងទីក្រុងបេរូត ដើម្បីសម្របសម្រួលការសម្រេចចិត្ត ប៉ុន្តែចុងក្រោយវាគឺជាការសម្រេចចិត្តរបស់ភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការបញ្ចប់ជម្លោះមួយនេះ ។ ឥឡូវវាស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកយើង ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានក្លាយជាសង្រ្គាមពេញបន្ទុកកាលពីចុងខែកញ្ញា ពេលដែលអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងក្រុមមួយនេះ ៕