រដ្ឋមន្ត្រីទេសន្តរប្រវេសន៍ លោកស្រី Elma Saiz នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) នេះ បានប្រាប់អ្នកសារព័ត៌មានថា ច្បាប់អន្តោប្រវេសន៍ថ្មីរបស់ប្រទេសអេស្ប៉ាញ នឹងអនុញ្ញាតឲ្យទទួលបានភាពស្របច្បាប់នៃជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណជា ៣០០.០០០នាក់ ក្នុង ១ឆ្នាំ រយៈពេល ៣ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះស្វែងរកការពង្រីកកម្លាំងពលកម្មរបស់ខ្លួន។
មិនដូចប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដូចជាអ៊ីតាលីជាដើម អេស្ប៉ាញដែលដឹកនាំដោយរដ្ឋាភិបាលចម្រុះសំឡេងភាគតិចឆ្វេងនិយម បើកចំហយ៉ាងទូលំទូលាយទទួលជនអន្តោប្រវេសន៍។
អមដោយការបន្ថែមថា ប្រទេសជាតិត្រូវការកម្មករបរទេសប្រមាណជា ២៥០.០០០ ទៅ ៣០០.០០០នាក់ ក្នុង ១ឆ្នាំ ដើម្បីជួយទ្រទ្រង់ដល់រដ្ឋដែលគិតគូរពីសុខុមាលភាពរបស់ប្រជាជន លោកស្រី Saiz បាននិយាយថា៖ «អេស្ប៉ាញត្រូវជ្រើសរើស រវាងការក្លាយជាប្រទេសបើកចំហ តែរីកចម្រើន ឬជាប្រទេសបិទជិត តែក្រីក្រ ហើយយើងបានជ្រើសរើសជម្រើសខាងដើម»។
កំណែទម្រង់នេះ ជួយកាត់បន្ថយ និងសម្រួលដល់នីតិវិធីច្បាប់ និងរដ្ឋបាល សម្រាប់ការអនុញ្ញាតការងារ និងស្នាក់នៅ ដោយអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ចុះឈ្មោះជាអ្នកធ្វើការដោយខ្លួនឯង ក៏ដូចជានិយោជិត ហើយផ្តល់ឲ្យពួកគេនូវការធានាសិទ្ធិការងារបន្ថែមទៀត៕