ការសម្រេចចិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកបើកដៃឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី បានបង្កឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងការទូតដ៏ចម្រូងចម្រាសរបស់លោកខាងលិចជាមួយរុស្ស៊ី ខណៈមេដឹកនាំពិភពលោករាប់សិបរូបជួបជុំគ្នាក្នុងប្រទេសប្រេស៊ីលសប្តាហ៍នេះ។

ការសម្រេចចិត្តកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនត្រូវបានចាត់ទុកដោយក្រុមមេដឹកនាំលោកខាងលិចជាច្រើនថាជាមធ្យោបាយមួយដើម្បីរុញជំហររបស់អ៊ុយក្រែនសម្រាប់ភាពជោគជ័យមុនការផ្លាស់ប្តូរមេដឹកនាំរបស់អាមេរិក គឺលោកDonald Trump ដែលលោកមានការសង្ស័យចំពោះការបន្តជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។

ប៉ុន្តែក៏មានភាពស្មុគស្មាញផងដែរ ចំពោះក្រុមមេដឹកនាំចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលត្រូវតែទទួលស្គាល់សក្ដានុពលភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនៃប្លុកនេះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងយល់ឃើញថា ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដឹកនាំដោយក្រុមអ្នកជំនាញយោធាអាមេរិក ជាដំណាក់កាលថ្មីប្រកបដោយគុណភាពនៃសង្គ្រាមដែលលោកខាងលិចបានលូកដៃចូលកាន់តែកប់។
នៅពេលលោក Biden ខកខានមិនបានថតរូបជុំគ្នាជាមួយបណ្ដាមេដឹកនាំផ្សេងទៀតកាលពីថ្ងៃចន្ទ មានការយល់ឃើញថារូបលោកកំពុងព្យាយាមគេចមិនថតរូបជាមួយលោក Lavrov ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល។ សេតវិមានបានបដិសេធចំពោះការលើកឡើងទាំងនោះ។
ប៉ុន្តែសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន ដែលមានមន្ទិលខ្លាំងចំពោះការប្រែប្រួលក្នុងវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកចំពោះជម្លោះនេះ នៅពេលលោក Donald Trump ចូលកាន់តំណែង ហាក់ដូចជាកំពុងថ្លឹងថ្លែងនូវការផ្លាស់ប្តូរជំហររបស់ពួកគេចំពោះទីក្រុងមូស្គូ៕