នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) ថា ក្រុមហាម៉ាស នឹងលែងគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះទៀតហើយ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ហើយថាអ៊ីស្រាអែល បានបំផ្លាញសមត្ថភាពយោធារបស់ក្រុមអ៊ីស្លាមនិយមមួយនេះ។

លោក Netanyahu ក៏បានលើកឡើងផងដែរថា អ៊ីស្រាអែល មិនបានបោះបង់ការព្យាយាមស្វែងរកចំណាប់ខ្មាំងនៅសេសសល់ ១០១នាក់ឡើយ ដែលគេជឿថានៅតែស្ថិតក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ ហើយលោកបានផ្តល់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់អ្នកដែលបញ្ជូនខ្លួនចំណាប់ខ្មាំងម្នាក់ៗមកវិញ។

មេដឹកនាំអ៊ីស្រាអែលរូបនេះនិយាយថា "អ្នកណាក៏ដោយដែលហ៊ានធ្វើបាបចំណាប់ខ្មាំងរបស់យើង នឹងមានឈាមនៅលើក្បាលរបស់ពួកគេ។ យើងនឹងតាមប្រមាញ់ និងចាប់អ្នកទាំងនោះ។ ហើយអ្នកណាដែលនាំចំណាប់ខ្មាំងមកឱ្យយើងវិញ នឹងរកឃើញផ្លូវចេញដ៏សុវត្ថិភាពសម្រាប់ខ្លួនគេនិងក្រុមគ្រួសារ»។

គួររម្លឹកថា អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ជាទីដែលមនុស្សជាង ៤០.០០០នាក់ស្លាប់ ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ត្រូវចាប់ធ្វើជាចំណាប់ថ្នូរ៕