ក្រុមរដ្ឋអាជ្ញា ដែលធានាបានការកាត់ទោសរបស់លោក Donald Trump ជុំវិញការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាសម្នាក់ បានជំទាស់កាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) លើការរំពឹងទុកដែលថានឹងមានការលុបចោលបណ្ដឹងនៅក្នុងពេលនេះដោយសារតែលោក Trump បានជាប់ឆ្នោតជាប្រធានាធិបតី ហើយបានស្នើឱ្យចៅក្រមកំណត់កាលវិភាគដើម្បីដោះស្រាយរឿងនេះ។

លោក Trump វ័យ ៧៨ឆ្នាំ ត្រូវបានគ្រោងនឹងកាត់ទោសនៅថ្ងៃទី២៦ ខែវិច្ឆិកា ប៉ុន្តែចៅក្រមតុលាការកំពូលនៃរដ្ឋញូវយ៉ក លោក ហ័ន មើឆាន (Juan Merchan) កាលពីសប្តាហ៍មុន បានផ្អាកដំណើរការនីតិវិធីទាំងអស់ក្នុងសំណុំរឿងនេះតាមការស្នើសុំរបស់ការិយាល័យមេធាវីតំបន់ Manhattan លោក អាល់វីន ប្រាក (Alvin Bragg)។

រដ្ឋអាជ្ញានិយាយថា ពួកគេនឹងទទួលយកការពន្យារពេលនេះ ប៉ុន្តែបានស្នើឱ្យចៅក្រម Merchan កំណត់កាលបរិច្ឆេទសម្រាប់លោក Trump ដាក់សំណើលុបចោលសំណុំរឿងនេះជាផ្លូវការ ហើយរដ្ឋអាជ្ញានឹងមានពេលរហូតដល់ថ្ងៃទី០៩ ខែធ្នូ ដើម្បីតតាំងនឹងសំណើរបស់លោក Trump នោះ។
គួររម្លឹកថា លោក Trump មកពីគណបក្សសាធារណរដ្ឋ ត្រូវបានកាត់ទោសកាលពីខែឧសភា ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ដល់អតីតមេធាវីរបស់ខ្លួន លោក Michael Cohen ដែលបានប្រគល់ប្រាក់នេះបន្តទៅតារាអាសអាភាស ឈ្មោះនាង Stormy Daniels ឱ្យរក្សាភាពស្ងៀមស្ងាត់នៅមុនការបោះឆ្នោតឆ្នាំ២០១៦ ពីទំនាក់ទំនងផ្លូវភេទដែលត្រូវចោទប្រកាន់ ជាមួយនឹងលោក Trump ប៉ុន្តែលោកបានបដិសេធ៕