បាល់ទាត់៖ អ្នកចាត់ការក្រុមសារិកាព្រៃ Newcastle United លោក Steve Bruce បានសំរេចចិត្តលាលែងពីតំណែង ១៣ថ្ងៃបន្ទាប់ពីក្លិបទើបផ្លាស់ប្តូរម្ចាស់ថ្មី។ បុរសវ័យ ៦០ឆ្នាំរូបនេះបានដឹកនាំការប្រកួតទី ១០០០ ក្នុងអាជីពរបស់លោកកាលពីថ្ងៃអាទិត្យក្នុងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Tottenham Hotspur ៣-២ ដែលជាប្រកួតដំបូងរបស់ Newcastle ក្រោមការកាន់កាប់របស់ម្ចាស់ក្លិបថ្មី។

Newcastle ត្រូវបានម្ចាស់ក្លិបចាស់លោក Mike Ashley លក់ភាគហ៊ុនធំតម្លៃ ៣០៥លានផោនទៅឱ្យក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីដែលស្ថិតក្រោមការវិនិយោគរបស់ព្រះអង្គម្ចាស់ Mohamed Bin Salman ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និងអាចនិយាយបានថា មានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ក្លិបបាល់ទាត់ណាៗទាំងអស់នៅលើលោក។ លោក Steve Bruce ត្រូវបានតែងតាំងឱ្យដឹកនាំ Newcastle កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយ ២រដូវកាលពេញក្រោមការដឹកនាំរបស់លោក Newcastle បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៣ និងលេខ ១២។ ចំណែករដូវកាលនេះវិញ Newcastle នៅមិនទាន់ឈ្នះឡើយ និងឈរលេខ ១៩ ក្នុងតារាងមានតែ ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត ៨លើកស្មើ៣ ចាញ់៥។
ក្រោមការដឹកនាំរបស់ Steve Bruce ចំនួន ៩៧ប្រកួត Newcastle មានភាគរយឈ្នះតែ ២៨.៨% ប៉ុណ្ណោះដែលជាអត្រាទាបបំផុតបើប្រៀបធៀបនឹងក្លិបផ្សេងៗដែលលោកធ្លាប់ដឹកនាំ។ ក្រោមការវិនិយោគដែលមានលុយសន្ធឹកសន្ធាប់ Newcastle ត្រូវបានគេដឹងថា កំពុងស្វែងរកអ្នកចាត់ការដែលមានឈ្មោះល្បី និងមានបទពិសោធម្នាក់មុននឹងចាប់ផ្តើមស្វែងរកកីឡាករមករួមក្លិប។ Newcastle នឹងត្រូវធ្វើដំណើរទៅទឹកដី Crystal Palace នៅថ្ងៃសៅរ៍នេះសប្តាហ៍ទី៩ ក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ