រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តកែសម្រួលចំណងជើង និងបទប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើរបៀបវរៈចំនួន៤។ ក្នុងចំណោមរបៀបវារៈទាំង៤ មានរបៀបវារៈមួយ គឺស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ក្នុងសម័យប្រជុំដែលមានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុប១១២រូប បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើការស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សូមជម្រាបថា ការសម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕
