ឯកឧត្តមឯកអគ្គរាជទូត អេស្ប៉ាញ ស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យលទ្ធភាព សម្របសម្រួលរៀបចំ វេទិការធុរកិច្ច ក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។

ឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកាម្សិលមិញនេះ ឯកឧត្តម បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារ វិនិយោគរវាងកម្ពុជា និងអេស្ប៉ាញ។ បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួន ក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ទាមទារឱ្យកម្ពុជាពិនិត្យ និងសម្រប សម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។

ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាព សម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ឆ្លៀតឱកាសនេះ ឯកឧត្តម បានដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសអេស្ប៉ាញកាលពីខែមិថុនាកន្លងទៅផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយ ផ្លែផ្កា ដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេស្ប៉ាញ ដោយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការ រៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

