នគរបាលប្រទេសប្រេស៊ីល បាននិយាយថា ប្រធានាធិបតី លោក Luiz Inacio Lula da Silva អាចត្រូវបានសម្លាប់មុនពេលចូលកាន់តំណែងនៅឆ្នាំ២០២៣។

នគរបាលបានបង្ហាញផែនការយោធាដើម្បីសម្លាប់ប្រធានាធិបតីជាប់ឆ្នោត ប៉ុន្មានថ្ងៃមុនពេលលោកចូលកាន់តំណែង និងបានធ្វើរដ្ឋប្រហារ។ មនុស្សប្រាំនាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងផែនការនេះ។

កងទ័ព បានបញ្ជាក់ថា មន្ត្រីយោធាបច្ចុប្បន្ននិងចូលនិវត្តន៍ ត្រូវបានចាប់ខ្លួន ក្នុងនោះមានម្នាក់ជាសមាជិកគណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតី លោក Jair Bolsonaro។ ឯកសារដែលនគរបាល រឹបអូសបាន បង្ហាញពីផែនការត្រូវបាញ់សម្លាប់ ឬដាក់ថ្នាំបំពុល លោក Lula និងអនុប្រធានាធិបតីជាប់ឆ្នោតរបស់លោក។
ផែនការនេះ ត្រូវដាក់ឧត្តមសេនីយកងទ័ពចូលនិវត្តន៍ និងមន្ត្រីផ្សេងទៀត ឲ្យទទួលខុសត្រូវ ហើយបន្ទាប់មករៀបចំការបោះឆ្នោតថ្មី។
នគរបាល បាននិយាយថា ពួកគេក៏មានផែនការសម្លាប់ចៅក្រមតុលាការកំពូល ដែលបានស៊ើបអង្កេត លើលោក Bolsonaro ផងដែរ។
លោក Lula បានទទួលជ័យជម្នះលើលោក Bolsonaro ក្នុងការបោះឆ្នោតឆ្នាំ២០២២ ប៉ុន្តែអតីតប្រធានាធិបតីរូបនេះ ពុំដែលទទួលស្គាល់ការបរាជ័យរបស់លោកនោះទេ។ បច្ចុប្បន្នលោក កំពុងត្រូវបានគេស៊ើបអង្កេតសម្រាប់តួនាទីដែលតាមចោទប្រកាន់ថា បានជំរុញកុប្បកម្មនៅក្នុងទីក្រុង Brasilia កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣។