បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យក្មេង Barcelona, Ansu Fati បានសំរេចបន្តកិច្ចសន្យា ៦ឆ្នាំបន្ថែមជាមួយក្លិបដែលបូកបញ្ចូលទាំងលក្ខខណ្ឌទិញផ្តាច់តម្លៃ ១ពាន់លានអឺរ៉ូ។ កីឡាករវ័យ ១៨ឆ្នាំរូបនេះបានពាក់អាវលេខ ១០ របស់ Lionel Messi ដែលបានចាកចេញទៅកាន់ Paris Saint Germain។

កិច្ចសន្យាថ្មីរបស់ Ansu Fati មានន័យថា គេនឹងបន្តរួមរស់នៅទឹកដី Nou Camp រហូតដល់ឆ្នាំ២០២៧។ Fati គឺជាកីឡាករទីពីររបស់ Barcelona ក្នុងសប្តាហ៍នេះ ដែលបានចុះហត្ថលេខាបន្តកិច្ចសន្យាអមជាមួយនឹងតម្លៃទិញផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូដូចគ្នាបន្ទាប់ពី Pedri។ Ansu Fati បានមកកាន់ Barcelona តាំងពីអាយុ ១០ឆ្នាំ ហើយកាលពីខែមុនរកបានមួយគ្រាប់ឱ្យ Barcelona ក្រោយវិលមកវិញបន្ទាប់ពីរបួសដែលបានសម្រាកអស់រយៈពេល ១០ខែ។ គិតមកដល់ពេលនេះ Fati បង្ហាញខ្លួនបាន ៤៧ប្រកួតសំរាប់ក្រុមធំ Barcelona រកបាន ១៥គ្រាប់។ គេបានក្លាយជាកីឡាករវ័យក្មេងទីពីររបស់ Barcelona ដែលចូលលេងឱ្យក្រុមធំក្នុងវ័យ ១៦ឆ្នាំ ២៩៨ថ្ងៃ ហើយក៏ជាកីឡាករវ័យក្មេងបំផុតរបស់ក្លិបដែលស៊ុតបញ្ចូលទីនៅ La Liga ផងដែរ៕
អត្ថបទ៖នាង សុភាវុធ