ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ បានព្រមានកាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយថា អត្រាប្រជាសាស្រ្ត បម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ និងហានិភ័យនៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បានបង្កើតអនាគតដ៏អាក្រក់សម្រាប់យុវជននៅពាក់កណ្តាលសតវត្សទី២១។
លោកស្រី Catherine Russell នាយកប្រតិបត្តិនៃអង្គការ Unicef បានលើកឡើងថា "កុមារកំពុងជួបប្រទះនូវវិបត្តិជាច្រើន រាប់ចាប់ពីបម្រែបម្រួលអាកាសធាតុ រហូតដល់គ្រោះថ្នាក់តាមអ៊ីនធឺណិត ហើយទាំងនេះត្រូវបានកំណត់ថានឹងកាន់តែខ្លាំងក្លាឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ជាពិសេសសម្រាប់ក្មេងស្រី"។
នៅឆ្នាំ២០២៤ អង្គការ Unicef ប្រើប្រាស់របាយការណ៍វិភាគទៅមុខដល់ឆ្នាំ២០៥០ ដោយកំណត់ "និន្នាការសំខាន់ៗ" ចំនួន៣ ដែលបន្ថែមពីលើជម្លោះ បានបង្កការគំរាមកំហែងដល់កុមារ លុះត្រាតែអ្នកបង្កើតគោលនយោបាយធ្វើការផ្លាស់ប្តូរ។
ហានិភ័យទីមួយគឺការផ្លាស់ប្តូរប្រជាសាស្រ្ត ដោយចំនួនកុមារនឹងរំពឹងថានៅតែស្រដៀងនឹងតួលេខបច្ចុប្បន្ន ២,៣ពាន់លាននាក់ ប៉ុន្តែពួកគេនឹងតំណាងឱ្យចំណែកតូចខ្លាំងនៃចំនួនប្រជាជនពិភពលោក ដែលច្រើនជាង និងវ័យចំណាស់ជាងប្រហែល ១០ពាន់លាននាក់។
ការគំរាមកំហែងទីពីរគឺបម្រែបម្រួលអាកាសធាតុ ហើយទីបីគឺបច្ចេកវិទ្យាថ្មី ជាពិសេសបញ្ញាសិប្បនិមិត្ត ដែលមានសក្តានុពលសម្រាប់គំនិតច្នៃប្រឌិត និងវឌ្ឍនភាពថ្មី ប៉ុន្តែក៏អាចពង្រីកវិសមភាពដែលមានស្រាប់រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រផងដែរ៕