ហៃទី៖ ជាការឆ្លើយតបទៅនឹងការចាប់ជំរិតមនុស្សនាពេលថ្មីៗនៅក្នុងប្រទេសហៃទី ក្រុមកម្មករបានធ្វើកូដកម្មតវ៉ាដែលនាំឲ្យមានការបិទអាជីវកម្ម សាលារៀន និងសេវាដឹកជញ្ជូនសាធារណៈកាលពីថ្ងៃពុធ។

ការធ្វើកូដកម្មមិនព្រមចូលធ្វើការគឺជាបញ្ហាថ្មីមួយទៀតចំពោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសហៃទី។ សហជីព និងក្រុមផ្សេងទៀតបានសន្យារៀបចំកូដកម្មមួយផ្សេងទៀតនៅសប្ដាហ៍ក្រោយ ខណៈការតវ៉ាដាច់ដោយឡែកនានាបានផ្ទុះឡើងកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានី Port-au-Prince ដោយសារបញ្ហាកង្វះប្រេងឥន្ធនៈ ខណៈដែលក្រុមជនអន្ធពាលបានស្ដីបន្ទោសចំពោះរារាំងការចែកចាយឧស្ម័ន។ ក្រុមអ្នករត់ម៉ូតូឌុបបានប្រមូលផ្ដុំគ្នានៅក្នុងស្រុក Delmas ដោយបានដុតបំពួកកង់រថយន្ត និងគប់ដំថ្មពាសពេញផ្លូវដើម្បីបិទផ្លូវទាំងនោះ។
ការចរចាបានឈានចូលដល់ថ្ងៃទី៤ ក្នុងការស្វែងរកមធ្យោបាយជួយសង្គ្រោះក្រុមសមាជិកសាសនទូតអាមេរិក និងកាណាដាចំនួន ១៧នាក់ដែលត្រូវបានក្រុមជនអន្ធពាលហិង្សាបានចាប់ជំរិតកាលពីចុងសប្ដាហ៍មុន ហើយដែលក្រុមនេះកំពុងទាមទារប្រាក់ចំនួន ១លានដុល្លារអាមេរិកក្នុងមនុស្សម្នាក់។ នៅក្នុងការតវ៉ាមួយផ្សេងទៀត ប្រជាពលរដ្ឋហៃទីជាច្រើនបានចេញតវ៉ានៅតាមដងផ្លូវនានានៃស្រុក Titanyen ភាគខាងជើងរដ្ឋធានី អំពាវនាវឲ្យដោះលែងក្រុមអ្នកផ្សព្វផ្សាយសាសនាចំនួន ១៧នាក់នោះ។ បាតុករមួយចំនួនកាន់ស្លាកសញ្ញាផ្សេងៗដែលសរសេរថា ដោះលែងជនជាតិអាមេរិក និងគ្មានការចាប់ជំរិតជាដើម៕
អត្ថបទ៖ សុខមាន