ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) តាមសេចក្តីរាយការណ៍បាននិយាយថា អ៊ីរ៉ង់ សុខចិត្តទប់ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់កម្រិតខ្ពស់ ក្នុងលក្ខខណ្ឌដែលប្រទេសមហាអំណាចលោកខាងលិច ទម្លាក់ចោលការជំរុញរបស់ពួកគេសម្រាប់សេចក្តីសម្រេចប្រឆាំងប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា អង្គការឃ្លាំមើលនុយក្លេអ៊ែរ បានប្រាប់ប្រទេសសមាជិកទាំងអស់ កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់សុខចិត្តបញ្ឈប់ការពង្រីកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដែលបានចម្រាញ់រួចរហូតដល់៦០ភាគរយ លើសពីស្តុកបច្ចុប្បន្នរបស់ខ្លួនប្រហែល ១៨០គីឡូក្រាម។
ទីភ្នាក់ងារ IAEA និយាយថា អ៊ីរ៉ង់កំពុងអំពាវនាវឱ្យចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ បោះបង់ចោលពង្រាងសេចក្តីសម្រេច ដែលប្រទេសទាំងនេះគ្រោងនឹងបញ្ជូនទៅកាន់កិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការទីភ្នាក់ងារ IAEA ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ។
ពង្រាងសេចក្តីសម្រេចនេះ ថ្កោលទោសប្រទេសអ៊ីរ៉ង់ចំពោះកិច្ចសហប្រតិបត្តិការមិនបានល្អជាមួយ ទីភ្នាក់ងារIAEA និងអំពាវនាវឱ្យទីភ្នាក់ងារនេះចេញរបាយការណ៍គ្រប់ជ្រុងជ្រោយស្តីពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ការព្រួយបារម្ភរបស់អន្តរជាតិ បាននិងកំពុងកើនឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ទីក្រុងតេអេរ៉ង់ បាននិងកំពុងបង្កើនការផលិតសារធាតុអ៊ុយរ៉ានីញ៉ូម ចាប់តាំងពីលោក Donald Trump ជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលក្នុងអំឡុងអាណត្តិដំបូងរបស់លោក បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចពិភពលោក។