ការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការបង្ហោះនៅលើគណនីបណ្តាញសង្គម X ផ្លូវការរបស់ខ្លួនថា ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន បានទទួលព័ត៌មានពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា នៅថ្ងៃពុធនេះ ហើយនឹងបិទស្ថានទូត។
ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅថ្ងៃពុធនេះថា «ស្ថានទូតនឹងត្រូវបិទ ហើយបានណែនាំពលរដ្ឋអាមេរិកឱ្យត្រៀមខ្លួនដើម្បីស្វែងរកទីជម្រកជាបន្ទាន់ ក្នុងករណីមានការប្រកាសអាសន្នពីការវាយប្រហារតាមអាកាស។
ការព្រមាននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ដោយទទួលបានប្រយោជន៍ពីការអនុញ្ញាតថ្មីទើបទទួលបានពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក Joe Biden នៅថ្ងៃទី១.០០០នៃសង្រ្គាមនៅអ៊ុយក្រែន។
រុស្ស៊ី បានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូ នឹងចាត់ទុកសមាជិកសម្ព័ន្ធយោធាណាតូទាំងនោះថា បានពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។