ការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចពីការមានសង្គ្រាមនុយក្លេអ៊ែរ ហាក់ដូចជានៅមិនឆ្ងាយជាងពេលកន្លងមកឡើយ។ កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) ប្រធានាធិបតី លោក Vladimir Putin បានទម្លាក់កម្រិតដែលរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ហើយការធ្វើបែបនេះបានកើតឡើងនៅពេលដែលអ៊ុយក្រែនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកចំនួន ៦គ្រាប់សំដៅទៅកាន់គោលដៅនៅក្នុងដែនដីរុស្ស៊ី។ បណ្ដាប្រទេសរបស់អង្គការណាតូ ដែលកំពុងមានអារម្មណ៍ភ័យព្រួយ បានចេញខិតប័ណ្ណណែនាំដល់ពលរដ្ឋរបស់ពួកគេ ដោយផ្ដល់ដំបូន្មានអំពីវិធីថា តើត្រូវរៀបចំត្រៀម សម្រាប់ការមានសង្រ្គាមនេះយ៉ាងដូចម្ដេច។
បើយោងតាមសារព័ត៌មាន The Mirror របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ក្នុងខិតប័ណ្ណនោះ ប្រទេសស៊ុយអែតបានព្រមានប្រជាជានឲ្យ «ជ្រកក្នុងជម្រកសុវត្ថិភាព» ចំពេលមានការភ័យខ្លាចពីការផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ។ ខិត្តប័ណ្ណដែលបានចេញត្រឹមតែ ៥លើកប៉ុណ្ណោះ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ត្រូវបានបញ្ជូនទៅកាន់គ្រប់គ្រួសារស៊ុយអែតទាំងអស់។
ចំណែកប្រទេសន័រវ៉ែសក៏បានចេញខិត្តប័ណ្ណប្រកាសអាសន្ន ដោយណែនាំប្រជាជនឲ្យត្រៀមដោះស្រាយរយៈពេលមួយសប្តាហ៍ ក្នុងករណីមានអាសន្ន ក្នុងនោះរួមទាំងករណីមានសង្គ្រាមពេញបន្ទុកផងដែរ។
ប្រទេសជាច្រើនទៀតរបស់អង្គការណាតូ កំពុងស្នើឲ្យពលរដ្ឋរបស់ពួកគេត្រៀមខ្លួន សម្រាប់ការមានសង្គ្រាម។ ដាណឺម៉ាកបានផ្ញើអ៊ីម៉ែល (សារអេឡិកត្រូនិក) ទៅពលរដ្ឋរបស់ខ្លួនរួចហើយ ដើម្បីឲ្យស្តុកទុកនូវអាហារស្ងួត ទឹក និងថ្នាំ ដែលអាចឲ្យពួកគេដោះស្រាយគ្រាអាសន្នរយៈពេល ៣ថ្ងៃបាន ក្នុងនោះរួមទាំងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរផងដែរ។ រីឯហ្វាំងឡង់ក៏ដូចគ្នាដែរ ធ្វើបច្ចុប្បន្នភាពខិត្តប័ណ្ណតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ស្តីពី «ការត្រៀម សម្រាប់ឧប្បត្តិហេតុ និងវិបត្តិ» ចំពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កាន់តែឡើងកម្ដៅ។
គួរបញ្ជាក់ថា ការភ័យស្លន់ស្លោ ក្នុងចំណោមប្រទេសរបស់អង្គការណាតូនេះ កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមានឥទ្ធិពលខ្លាំង ដើម្បីវាយប្រហារគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ី៕