ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ដែលជាលើកដំបូង គិតចាប់តាំងពីលោកបានបញ្ជាឲ្យមានការលុកលុយចូលដែនដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយនេះជាសញ្ញាមួយបន្ថែមទៀត ដែលបង្ហាញថា កិច្ចប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យរូបលោកត្រូវបានផ្ដាច់ចេញពីឆាកពិភពលោកកំពុងបរាជ័យ។
នៅក្នុងវីដេអូអត្ថាធិប្បាយទៅកាន់សេវាព័ត៌មាន ANI របស់ឥណ្ឌា ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ខណៈពេលដែលកាលបរិច្ឆេទកំពុងត្រូវបានរៀបចំ សម្រាប់ការធ្វើដំណើរទៅជួបជាមួយនាយករដ្ឋមន្រ្តី លោក Narendra Modi «យើងកំពុងទន្ទឹងរង់ចាំឲ្យវាកើតឡើង»។
លោក Peskov បាននិយាយថា៖ «បន្ទាប់ពីដំណើរទស្សនកិច្ច ២លើករបស់លោកនាយករដ្ឋមន្ត្រី Modi ទៅកាន់ប្រទេសរុស្ស៊ី ឥឡូវនេះ យើងមានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេសឥណ្ឌាវិញ។ យើងភ្ជាប់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងទាំងនេះ។"
ឥណ្ឌា និងរុស្ស៊ី បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងមេដឹកនាំទាំង២ មុនមានការលុកលុយចូលអ៊ុយក្រែន។ តែបើយោងតាមបុគ្គលដែលដឹងអំពីបញ្ហា នាពេលនោះ បានឲ្យដឹងថា ទីក្រុងញូវដេលី បានរំលងកិច្ចប្រជុំក្នុងលក្ខណៈផ្ទាល់ខ្លួន នៅខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីលោក Putin បានគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាម។ លោក Putin និងលោក Modi បានជួបពិភាក្សាគ្នានៅពេលដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្ដារដ្ឋ Brics ក្នុងខែតុលា៕