ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃអង្គារថា កុមារជាង ២០០នាក់ ត្រូវបានសម្លាប់ និង ១.១០០នាក់ បានរងរបួស នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលពីរខែកន្លងទៅ នេះ។
ជម្លោះដែលមានរយៈពេលជាងមួយឆ្នាំមកហើយ ក្នុងប្រទេសលីបង់ បានឈានដល់សង្រ្គាមពេញបន្ទុក នៅចុងខែកញ្ញា នៅពេលដែលអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយមួយប្រឆាំងនឹងក្រុម ហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា៖«ទោះបីជាកុមារជាង ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលមិនដល់ ពីរខែក៏ដោយ ក៏គំរូដ៏គួរឲ្យព្រួយបារម្ភមួយ បានកើតឡើង។ «សម្រាប់កុមារនៃប្រទេសលីបង់ ភាពភ័យរន្ធត់បានក្លាយទៅរឿងធម្មតាដ៏ស្ងប់ស្ងាត់ទៅហើយ»។
លោកបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថាតើនរណាជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់ទាំងនេះ ដោយបាននិយាយថា វាច្បាស់ចំពោះអ្នកណាដែលបានតាមដានប្រព័ន្ធផ្សព្វផ្សាយ។
លោក Elder បាននិយាយថា មាន «ភាពស្រដៀងគ្នាគួរឲ្យភ័យខ្លាច» រវាងជម្លោះនៅក្នុងប្រទេសលីបង់ និងនៅតំបន់ហ្កាហ្សា ដោយមួយចំនួនធំនៃមនុស្សជាង ៤៣.000នាក់ ដែលត្រូវបានសម្លាប់ នៅក្នុង សង្គ្រាមរយៈពេល ១៣ខែ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ត្រូវបានរាយការណ៍ថា ជាកុមារ។