ឧត្ដរមានជ័យ ៖ មន្ត្រីធនធានទឹក ខេត្តឧត្ដរមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្បែរអាង ស្តុកទឹកនានា ត្រូវមានការប្រុងប្រយ័ត្ន ព្រោះទឹកអាចហៀរចេញពីអាងទំនប់គ្រប់ពេល ដោយសារទឹក ពេញទំនប់ទាំងអស់។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មួយរយៈ ក្រោយនេះ ដោយសារបម្រែបម្រួលអាកាសធាតុ ភ្លៀងបានធ្លាក់ជាប់ជានិច្ច ។
បណ្តាអាងស្តុកទឹកនានា កំពុងតែមានទឹកពេញប្រៀប ហើយអាចនឹងជន់លិចតំបន់ក្បែរខាងអាងនៅពេលណាមួយមិនទៀង ដូច្នេះ ប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរតំបន់អាងស្តុកទឹកទាំងនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ។
លោកបានបញ្ជាក់ថា ដើម្បីបង្ការគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រុមការងារជំនាញ និង អាជ្ញាធរខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ច បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការជួយអន្តរាគមន៍ សង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាននានា ដែលអាច នឹងមានបញ្ហាជំនន់ទឹកភ្លៀង៕
អត្ថបទ៖ ឃិន សារិទ្ធ