ក្រសួងរតនាគារអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់ហាម៉ាសចំនួន ៦រូប ជាក្នុងសកម្មភាពបន្ថែមទៀតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេ ស្ទីន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានព្យាយាមសម្រេចឲ្យបានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងតំបន់ហ្កាហ្សា។
ក្រសួងរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មបានកំណត់គោលដៅលើតំណាងក្រុមនេះ នៅក្រៅប្រទេស សមាជិកជាន់ខ្ពស់នៃក្រុមយោធាហាម៉ាស និងអ្នកពាក់ព័ន្ធ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់សម្រាប់ក្រុម និងការរត់ពន្ធអាវុធ ចូលទៅក្នុងតំបន់ហ្កាហ្សា។
អនុរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកភេរវកម្មនិងស៊ើបការណ៍ហិរញ្ញវត្ថុនៃក្រសួងរតនាគារ លោក Bradley Smith បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ក្រុមហាម៉ាស នៅតែបន្តពឹងផ្អែកលើមន្ត្រីសំខាន់ៗដែលហាក់ដូចជារក្សាបាននូវតួនាទីស្របច្បាប់ និងជាសាធារណៈ នៅក្នុងក្រុមនេះ ប៉ុន្តែអ្នកដែលសម្របសម្រួលសកម្មភាពភេរវកម្ម តំណាងឲ្យផលប្រយោជន៍របស់ពួកគេ នៅបរទេស និងសម្របសម្រួលការផ្ទេរប្រាក់ និងទំនិញ ទៅកាន់តំបន់ហ្កាហ្សា»។
«ក្រសួងរតនាគារ នៅតែប្តេជ្ញាចិត្តក្នុងការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហាម៉ាសមិនឲ្យទទួលបានប្រាក់ចំណូលបន្ថែម និងឲ្យអ្នកដែលសម្របសម្រួលសកម្មភាពភេរវកម្មរបស់ក្រុមនេះ ទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ»។