អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ត្រូវចំណាយពេលយូរជាងនេះ ដោយសារវាត្រូវបានចាប់ផ្តើមប្រឆាំងនឹងរបបទីក្រុងគីវ ប៉ុន្តែឥឡូវនេះ នៅតែបន្តជាជម្លោះ ជាមួយនឹងការចូលរួមរបស់អង្គការណាតូ។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI របស់ឥណ្ឌាថា៖«នៅពេលដែលកិច្ចប្រតិបត្តិការយោធាពិសេសនេះ បានចាប់ផ្តើម គឺបានចាប់ផ្តើមប្រឆាំងនឹងរបបទីក្រុងគីវ ហើយបច្ចុប្បន្ន វាកំពុងបន្តជាសង្រ្គាមមួយរវាងរុស្ស៊ី និងអង្គការណាតូ។ នោះហើយជាមូលហេតុដែលកិច្ចប្រតិបត្តិការនេះ ត្រូវចំណាយពេលយូរ បន្តិច»។
មន្ត្រីវិមានក្រឹមឡាំងរូបនេះ បានបន្ថែមថា៖«ខ្ញុំគិតថា វាមិនអាចទៅរួចទេ ក្នុងការឆ្លើយសំណួរថាតើប្រតិបត្តិការយោធាពិសេសនេះ អាចបញ្ចប់ នៅពេលណានោះ ប៉ុន្តែរឿងតែមួយគត់ដែលខ្ញុំអាចប្រាប់អ្នកបាន វានឹងដល់ទីបញ្ចប់ នៅពេលយើងបានសម្រេចគោលដៅរបស់យើង»។
លោក Peskov បានបញ្ជាក់ឡើងវិញថា របបទីក្រុងគីវ បដិសេធលទ្ធភាពនៃការចរចាជាមួយរុស្ស៊ី។ លោកបានពន្យល់ថា៖«វាគឺជាក្រឹត្យពិសេសរបស់ប្រធានាធិបតីដែលចុះហត្ថលេខាដោយលោក ហ្សេឡិនស្គី (Zelensky) ហាមប្រធានាធិបតីអ៊ុយក្រែនណាមួយមិនឲ្យមានការចរចាជាមួយរុស្ស៊ី»។ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា៖«នោះហើយជាមូលហេតុដែលយើងបន្តប្រតិបត្តិការយោធារបស់យើង ពីព្រោះលទ្ធភាពនៃការចរចាដោយសន្តិវិធីឥឡូវនេះ ត្រូវបានបដិសេធដោយទីក្រុងគីវ និងអ្នកគ្រប់គ្រងរបស់ពួកគេ នៅក្នុងទីក្រុងវ៉ាស៊ីនតោន»។