ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានអះអាងថា ប្រទេសកូរ៉េខាងជើង បាននាំចេញបន្ថែមនូវកាំភ្លើងផ្លោង និងជើងទម្របាញ់រ៉ូកែតចល័តជាច្រើនគ្រឿង ទៅកាន់ប្រទេសរុស្ស៊ី។
សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) ក៏បាននិយាយផងដែរថា ទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយនៅប្រទេសរុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន បានចូលរួមដោយផ្នែកក្នុងការប្រយុទ្ធជាមួយកងពលតូចទ័ពអាកាស និងកងម៉ារីនរបស់រុស្ស៊ី។
NIS ក៏បានរាយការណ៍ផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ជូ សុន ហេ (Choe Son-hui) បានចូលរួមក្នុងកិច្ចពិភាក្សាដ៏សំខាន់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ហើយបានបន្ថែមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) អាចធ្វើទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ី។
លោកស្រី ជូ បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីដើមខែនេះ ក្នុងអំឡុងពេលដែលលោកស្រី បានជួបសមភាគីលោកស្រី គឺលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) និងលោក ពូទីន។ ដំណើរទស្សនកិច្ចរបស់លោកស្រី បានកើតឡើង នៅពេលដែលភាពតានតឹងបានកើនឡើងជាមួយនឹងការដាក់ពង្រាយទាហានរាប់ពាន់នាក់របស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការប្រយុទ្ធ ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។