ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារដោយគ្រាប់រ៉ូកែតលើនាវា «Anadolu S» នៅក្នុងសមុទ្រក្រហម។
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានធ្វើប្រតិបត្តិការមួយសំដៅលើនាវា Anadolu S នៅក្នុងសមុទ្រក្រហម ជាមួយនឹងគ្រាប់ផ្លោង និងគ្រាប់រ៉ូកែតរបស់កងទ័ពជើងទឹក ហើយការបាញ់នេះ គឺត្រូវចំគៅលដៅជាក់លាក់» ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃការខូចខាត ឬជនរងគ្រោះទេ។
ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃចន្ទ នេះបើយោងតាមប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស។ ទីភ្នាក់ងារនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា គ្រាប់រ៉ូកែតមួយបានធ្លាក់នៅជិតនាវានោះ ប៉ុន្តែមិនបានបង្កឲ្យមានការខូចខាតអ្វីទេ ហើយនាវិកទាំងអស់ មានសុវត្ថិភាព។
លោក Sarea បានអះអាងថា ក្រុមរបស់លោក បានកំណត់គោលដៅលើនាវា ដែលបានចុះបញ្ជីនៅប្រទេសប៉ាណាម៉ា និងធ្វើដំណើរក្រោមទង់ជាតិរបស់ប៉ាណាម៉ា ពីព្រោះក្រុមហ៊ុនរបស់ខ្លួន ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែល។
អ្នកនាំពាក្យយោធាក្រុមហ៊ួទីបានប្តេជ្ញាថា នឹងធ្វើការវាយប្រហារបន្ថែមទៀតលើអ្វីដែលលោកបានពិពណ៌នាថា ជានាវា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» នៅក្នុងសមុទ្រក្រហម។