រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាជី ( Abbas Araghchi) បានជំរុញនៅក្នុងកិច្ចប្រជុំមួយជាមួយទីបញ្ជាការរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC ដែលជាអង្គភាពសម្រាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) ដើម្បីរៀបចំសម្រាប់ការចាប់ផ្តើមដែលអាចកើតមាននៃជម្លោះប្រដាប់អាវុធដ៏ធំមួយ ក្នុងការបង្ហាញ អំណាចរបស់ខ្លួន។
សេវាសារព័ត៌មានរបស់ប្រមុខការទូតនេះ បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«ការត្រៀមខ្លួនសម្រាប់សង្គ្រាម គឺទប់ស្កាត់វា។ បើអ្នកចង់រារាំងវា អ្នកគួរតែបង្ហាញពីអំណាចរបស់អ្នក ហើយប្រកាសត្រៀមខ្លួនសម្រាប់សង្គ្រាម និងការពារ។ ការធ្វើបែបនេះ នឹងទប់ស្កាត់កុំឲ្យមានសង្គ្រាម។ ប្រសិនបើអ្នកបង្ហាញភាពទន់ខ្សោយតិចតួចបំផុត ហើយបង្ហាញថា អ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រឈមមុខគ្នា សង្រ្គាមនេះ នឹងត្រូវបង្ខំអ្នក»។
លោក អាបាស អារ៉ាជី បានចង្អុលបង្ហាញថា៖«យើងបានប្រកាសថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ប្រឆាំងនឹងអ៊ីរ៉ង់ គឺគ្មានអ្វីក្រៅពីការឈ្លានពានមួយផ្សេងទៀត។ ប្រតិបត្តិការ True Promise 1 និង True Promise 2 គឺជាការការពារជាក់ស្តែង។ ការឈ្លានពានចុងក្រោយដោយរបបអ៊ីស្រាអែល ទាមទារឲ្យ មានការឆ្លើយតប។ យើងមិនបានបោះបង់ចោលសិទ្ធិរបស់យើង ក្នុងការសងសឹកឡើយ»។ យើងនឹងជ្រើសរើសពេលវេលាសម្រាប់វា ហើយឆ្លើយតបតាមដែលយើងយល់ឃើញថា ពិតជាសមស្រប»។
ការវាយប្រហារដោយមីស៊ីលកាលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៤ របស់អ៊ីរ៉ង់លើអ៊ីស្រាអែល ត្រូវបានដាក់ឈ្មោះថា True Promise 2 ស្រដៀងគ្នាទៅនឹងប្រតិបត្តិការ True Promise 1 ដែលជាការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ក្នុងខែមេសា ឆ្នាំ ២០២៤ ជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើស្ថានទូតរបស់ប្រទេសអ៊ីរ៉ង នៅក្នុងទីក្រុងដាម៉ាសនៃប្រទេសស៊ីរី។