នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា នាំគ្នាត្អូញត្អែពីការឈ្លក់ផ្សែងអ័ព្ទពុល ក្រហល់ក្រហាយភ្នែក ដោយគ្មានការធូរស្រាលនោះឡើយ ពេលដែលគុណភាពខ្យល់នៅក្នុងទីក្រុងមួយនេះ បន្តស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ។
លោក Javed Ali គឺជាអ្នករត់ PassApp មួយរូបនៅក្នុងទីក្រុងញូវដែល្លី និយាយថា ភ្នែករបស់ខ្ញុំក្រហល់ក្រហារ និងហៀរទឹកភ្នែករហូត វាមានអារម្មណ៍ថា ដូចជានរណាម្នាក់បានដាក់ម្ស៉ៅម្ទេសនៅក្នុងភ្នែករបស់ខ្ញុំអញ្ចឹងដែរ ។
ចំណែកឯលោក Vivik Kumar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងញូវដ្លែលី និយាយថា នៅក្នុងរយៈប៉ុន្មានឆ្នាំខាងមុខ កង្វក់បរិយាកាសនឹងកាន់តែអាក្រក់ខ្លាំងឡើង ។ ពួកយើងពុំបានមើលឃើញវិធានការណាមួយនោះឡើយ មុនរដូវកង្វក់បរិយាកាស ហើយពេលដែលកម្រិតកង្វក់ខ្យល់កើនឡើង រដ្ឋាភិបាលចាប់ផ្តើមដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក ។
យោងតាមការអះអាងរបស់គណៈក្រុមប្រឹក្សាភិបាលគ្រប់គ្រងកង្វក់បរិយាកាសកណ្តាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ស្របពេលដែលរយៈចម្ងាយមើលឃើញល្អប្រសើរជាងកាលពីដើមសប្តាហ៍នេះ សន្ទស្សន៍គុណភាពខ្យល់រយៈពេល ២៤ម៉ោងចុងក្រោយនៅក្នុងរដ្ឋធានីញូវដែល្លី នៅពីលើកម្រិត ៤២០ ។
នៅថ្ងៃពុធនេះដែរ ក្រុមតាមដានគុណភាពខ្យល់ IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានផ្តល់ចំណាត់ថ្នាក់ទីក្រុងញូវដែល្លី ថាជាទីក្រុងមានកខ្វក់ខ្យល់អាកាសដ៏អាក្រក់បំផុតនៅលើពិភពលោក ជាមួយនឹងគុណភាពខ្យល់កម្រិត ៤៤៩នាក់ ។
ប្រទេសឥណ្ឌាប្រយុទ្ធប្រឆាំងនឹងកង្វក់បរិយាកាសរៀងរាល់រដូវរងា ពេលដែលអាកាសធាតុត្រជាក់ ទាក់យកធូលី ការបញ្ចេញឧស្ម័នរថយន្ត និងផ្សែងពីការដុតកាកសំណល់កសិកម្ម ៕