មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) បាននិយាយសម្រាលពីការព្រួយបារម្ភ អំពីកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយរដ្ឋបាលរបស់លោក Donald Trump ដោយលើកឡើងថា ផលប៉ះពាល់ដែលកើតមានលើបណ្ដាក្រុមហ៊ុនអាមេរិក អាចនាំឲ្យប្រធានាធិបតីអាមេរិកនាពេលខាងមុខគិតជាលើកទី២ អំពីការដំឡើងពន្ធដ៏ខ្ពស់។
គួរបញ្ជាក់ាថា ក្នុងគោលបំណង ដើម្បីស្តារការងារនៅសហរដ្ឋអាមេរិកឡើងវិញ លោក Trump បានធ្វើយុទ្ធនាការដោយសន្យាដាក់ចេញនូវពន្ធគយមួយចំនួន ក្នុងនោះរួមទាំងបណ្ដាក្រុមហ៊ុន ដែលបានផ្លាស់ប្តូរប្រតិបត្តិការទៅកាន់ប្រទេសម៉ិកស៊ិកផងដែរ។
អ្នកជំនាញខាងសេដ្ឋកិច្ច បានព្រមានថា ពន្ធគយបែបនេះ នឹងមានន័យស្មើនឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលពឹងផ្អែកលើការនាំចេញរបស់ម៉ិកស៊ិក ហើយបានព្រមានពីការមានឥទ្ធិពលតិចតួចដល់សេដ្ឋកិច្ចអាមេរិក។
នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) ដោយចង្អុលទៅចំនួនក្រុមហ៊ុនពហុជាតិដែលបានបង្កើតហាងនៅក្នុងប្រទេសរបស់ខ្លួន រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយថា៖ «អំណាចចរចារបស់ម៉ិកស៊ិក គឺមានសារៈសំខាន់យ៉ាងសមស្រប»។
លោក Ebrard បានប្រាប់ថា៖ «ការចេញនូវវិធានការណាមួយ ដែលនឹងបង្កើតបាននូវហានិភ័យ (ដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក) មានន័យថា ក្រុមហ៊ុនរាប់ពាន់ នឹងរងផលប៉ះពាល់។ ស្ទើរតែគ្មានក្រុមហ៊ុនអាមេរិកដ៏សំខាន់ណាមួយ ដែលមិនមានលុយនៅទីនេះនោះទេ»។
លោក Ebrard បានលើកឡើងកាលពីសប្តាហ៍មុនថា ម៉ិកស៊ិកអាចដាក់ចេញនូវវិធានការសងសឹករបស់ខ្លួន។ លោកបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមរបស់លោកបាន និងកំពុងរៀបចំ ដើម្បីជួបជាមួយមន្ត្រីរបស់លោក Trump នៅមុនថ្ងៃស្បថចូលកាន់តំណែងរបស់លោក Trump ក្នុងខែមករា៕