យោធារបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ការវាយប្រហារអត្តឃាតដោយពួកសកម្មប្រយុទ្ធអ៊ិស្លាម នៅបន្ទាយកងទ័ពមួយកន្លែង បានសម្លាប់ទាហាន ១២នាក់ នៅភាគពាយ័ព្យប្រទេស។
អង្គភាពសារព័ត៌មានរបស់យោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ បានបើករថយន្តផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងបរិវេណជញ្ជាំងរបស់បន្ទាយ នៅភាគខាងជើងនៃខេត្ត Khyber Pakhtunkhwa ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលនៅជាប់គ្នានោះ ក្នុងអំឡុងពេលនៃការវាយប្រហារ កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា)។
សេចក្តីថ្លែងការណ៍បានបន្តថា «ប្រតិបត្តិការសម្អាត កំពុងត្រូវបានធ្វើឡើង នៅក្នុងតំបន់នេះ ហើយជនល្មើស ដែលប្រព្រឹត្តអំពើឃោរឃៅនេះ នឹងត្រូវបាននាំទៅកាត់ទោស» ដោយបន្ថែមថា ពួកសកម្មប្រយុទ្ធ ៦នាក់ ត្រូវបានសម្លាប់។
តែយ៉ាងណាក្ដី យោធាមិនបានផ្តល់ព័ត៌មានលម្អិតថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះនោះទេ ប៉ុន្តែ Hafiz Gul Bahadur ដែលជាក្រុមសកម្មប្រយុទ្ធអ៊ិស្លាម បានអះអាងទទួលខុសត្រូវ។
គួរបញ្ជាក់ថា ប៉ាគីស្ថានកំពុងប្រយុទ្ធប្រឆាំងនឹងការកើតមានឡើងវិញនូវការវាយប្រហារដោយពួកសកម្មប្រយុទ្ធ នៅភាគពាយ័ព្យដែលមានស្ថានភាពដ៏លំបាករបស់ខ្លួន ក៏ដូចជាការកើនឡើងនូវអំពើបះបោរផ្តាច់ខ្លួនរបស់ក្រុមជនជាតិភាគតិច នៅភាគនិរតី៕