ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei នៅក្រៅកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ ។
វាគឺជាជំនួបលើកដំបូងរវាងមេដឹកនាំទាំង ២ ជាការផ្លាស់ប្តូរឥរិយាបថនៅក្នុងវោហាសាស្រ្តរបស់លោក Milei រួមទាំងការចាត់ទុករដ្ឋាភិបាលចិនកាលពីឆ្នាំមុនថាជាឃាតករ និងការថ្លែងថា លោកនឹងមិនចរចាជាមួយប្រទេសកុម្មុយនិស្តនោះទេ ។
លោក Milei បានបន្ទន់គោលជំហររបស់លោក ចាប់តាំងពីលោកបានឡើងកាន់អំណាច ដោយលោកបានចាត់ទុកប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះថាជាដៃគូពាណិជ្ជកម្មគួរឲ្យចាប់អារម្មណ៍ ដោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ត្រូវបានកំណត់ធ្វើឡើងនៅដើមឆ្នាំក្រោយ ។
លោក Xi បានបង្ហាញភាពរួសរាយរាក់ទាក់របស់លោកផងដែរ អំឡុងជំនួបលើកដំបូងរបស់ពួកគេនៅក្នុងទីក្រុង Rio ដោយរូបលោកបានថ្លែងអំណរគុណលោក Milei សម្រាប់ការផ្ញើរលិខិតអបអរសាទរដ៏កក់ក្តៅនៅថ្ងៃខួបលើកទី ៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ៕


