នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយ នៅថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) នេះ ប្រមុខចារកម្មបរទេស លោក Sergei Naryshkin បាននិយាយថា ប្រទេសរុស្ស៊ីនឹងសងសឹកប្រទេសសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ (NATO) ដែលសម្របសម្រួលដល់ការវាយប្រហាររបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ សំដៅចូលដែនដីរុស្ស៊ី។
លោក Naryshkin បាននិយាយថា ការកែប្រែដែលបានប្រកាសដោយលោកប្រធានាធិបតី Vladimir Putin ចំពោះគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី មានន័យថា វាជារឿងពិបាកទៅរួចណាស់ ក្នុងការយកឈ្នះរុស្ស៊ី នៅសមរភូមិ។
លោកបានប្រាប់ទស្សនាវដ្តី National Defence ថា៖ «សត្រូវរបស់យើងត្រូវបង្ខំទទួលស្គាល់ថា ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីរុស្ស៊ី ក្នុងការការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស តាមគ្រប់មធ្យោបាយដែលមាន ធ្វើឲ្យជម្រើសចាត់វិធានការនានារបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែលមានកាន់តែតិចទៅៗ»។
លោក បានបន្ថែមថា៖ «ការប៉ុនប៉ងរបស់សម្ព័ន្ធមិត្តណាតូដោយផ្ទាល់ ដើម្បីចូលរួមក្នុងការផ្តល់ឲ្យមានការវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយប្រើប្រាស់អាវុធលោកខាងលិចចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី នឹងមិនអាចប្រព្រឹត្តទៅដោយមិនមានទណ្ឌកម្មនោះឡើយ ពោលគឺទង្វើនេះនឹងផ្ដល់ផលតបវិញដល់ពួកគេយ៉ាងស័ក្ដិសម»។
គួរបញ្ជាក់ថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើដែនដីរុស្ស៊ី កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) ដោយទាញយកប្រយោជន៍ពីការអនុញ្ញាតថ្មីៗពីរដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃដែលសង្រ្គាម ក្នុងប្រទេសអ៊ុយក្រែន គ្រប់ ១.០០០ថ្ងៃ។ នៅថ្ងៃដដែលនោះ លោក Putin បានអនុម័តឯកសារគោលនយោបាយដែលបន្ថយលក្ខន្តិកៈ ដើម្បីឲ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយសត្រូវ ដែលប្រើប្រាស់អាវុធទូទៅ៕


