វិមានក្រឹមឡាំង និយាយនៅថ្ងៃពុធនេះថា ជម្រើសនៃការបង្កកជម្លោះអ៊ុយក្រែន មិនស័ក្តិសមជាមួយនឹងរុស្ស៊ីនោះឡើយ បើទោះបីជាពួកគេបញ្ជាក់ឡើងវិញថា លោកប្រធានាធិបតី Vladimir Putin ស្វាគមន៍ចំពោះកិច្ចចរចាក៏ដោយ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បដិសេធន៍មិនធ្វើសេចក្តីអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងគីវ បិទស្ថានទូតរបស់ពួកគេនៅថ្ងៃពុធនេះ ហើយលោកបានចេញការព្រមានពីការវាយប្រហារតាមច្រកអាកាសដ៏មានសក្តានុពល ។
មន្រ្តីសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី Joe Biden បានឯកភាពផ្តល់ជូនគ្រាប់មីនប្រឆាំងមនុស្សដល់អ៊ុយក្រែន គឺជាជំហានមួយទៀត ដែលអាចជួយពន្យឺតការុលចូលរបស់រុស្ស៊ីទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែន ជាពិសេសនៅពេលដែលប្រើប្រាស់ជាមួយគ្រាប់រំសេវផ្សេងទៀតពីសហរដ្ឋអាមេរិក ។
មន្រ្តីរូបនោះនិយាយថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីននៅក្នុងទឹកដីរបស់ខ្លួន បើទោះបីជាពួកគេប្តេជ្ញាចិត្តមិនប្រើប្រាស់វានៅតំបន់មានពលរដ្ឋរបស់ខ្លួនក៏ដោយ ។
នៅពេលសួរពីចំណាត់ការបានរាយការណ៍របស់ទីក្រុងវ៉ាស៊ីងតោន ដើម្បីផ្គត់ផ្គង់គ្រាប់មីនប្រឆាំងមនុស្សដល់ទីក្រុងគីវ លោក Peskov និយាយថា វាទំនងជារដ្ឋបាលជិតអស់អំណាចរបស់លោក Biden ប្តេជ្ញាចិត្តបន្តសង្រ្គាមនៅអ៊ុយក្រែន ។
លោកថា បើសិនជាពួកយើងពិនិត្យមើលនិន្នាការទាំងមូលរបស់រដ្ឋបាលជិតចាកចេញពីអំណាចសហរដ្ឋអាមេរិក ពួកគេបានប្តេជ្ញាចិត្តទាំងស្រុងក្នុងការបន្តសង្រ្គាមនៅអ៊ុយក្រែន ហើយពួកគេកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងតាមដែលពួកគេអាចធ្វើវទៅបានឲ្យទាន់ពេលដែលសេសសល់សម្រាប់ពួកគេ ។
កាលពីថ្ងៃអង្គារម្សិលមិញ អ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក ដើម្បីវាយប្រហារលើគោលដៅក្នុងដែនដីរុស្ស៊ី យកប្រៀបពីការអនុញ្ញាតផ្តល់ជូនថ្មីពីរដ្ឋបាលជិតផុតអាណត្តិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Biden នៅថ្ងៃទី ១ពាន់នៃសង្រ្គាមរបស់រុស្ស៊ី ៕


