នៅថ្ងៃពុធនេះ សមាជិកអង្គភាពចារកម្មលីបង់ បានអង្កេតកន្លែងរងការវាយប្រហាររបស់អ៊ីស្រាអែល ស្ថិតនៅទីក្រុងភាគខាងត្បូង Sarafand ត្រូវចំប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងកាលពីយប់ថ្ងៃអង្គារ និងបានសម្លាប់ទាហានលីបង់ ៣នាក់ ។
ប្រភពព័ត៌មានចំនួន ៧ បានទម្លាយឲ្យដឹងថា កិច្ចខិតខំកើនឡើងសម្រាប់បទឈប់បាញ់នៅក្នុងប្រទេសលីបង់ បានងាកមកផ្តោតសំខាន់លើតួនាទីរបស់កងទ័ពប្រទេសមួយនេះ ដែលគេរំពឹងថា នឹងធ្វើឲ្យតំបន់ភាគខាងត្បូងលែងមានអាវុធរបស់ក្រុមហេសបូឡា ប៉ុន្តែគ្មានភាគីណាមួយ ចង់ ឬមិនអាចតតាំងជាមួយក្រុមគាំទ្រដោយអ៊ីរ៉ងមួយនេះនោះឡើយ ។
ក្រុមហេសបូឡា បើទោះបីជាចុះខ្សោយកម្លាំងដោយសារការវាយប្រហាររយៈពេល ១ឆ្នាំរបស់អ៊ីស្រាអែល ពួកគេនៅតែមានយោធាខ្លាំងជាងកងកម្លាំងប្រដាប់អាវុធលីបង់ដែលស្ថិតនៅក្រៅជម្លោះដដែល សូម្បីតែក្រោយពេលអ៊ីស្រាអែលបញ្ជូនកងកម្លាំងជើងគោករបស់ពួកគេទៅកាន់តំបន់ភាគខាងត្បូងលីបង់កាលពីថ្ងៃទី ១ ខែតុលា ។
ប្រភពព័ត៌មានរបស់មនុស្ស ៣នាក់ដែលនៅជិតស្និតនឹងកងទ័ព ហើយនិងមន្រ្តីការទូត ៤នាក់ទៀត រួមទាំងអ្នកមកពីប្រទេសបរិច្ចាគ បានឲ្យដឹងថា ស្របពេលដែលកងទ័ពតម្រូវឲ្យដាក់ពង្រាយទាហានរាប់ពាន់នាក់ទៅកាន់តំបន់ភាគខាងត្បូងក្រោយទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយនោះ វាត្រូវការឲ្យក្រុមហេសបូឡាយល់ព្រមធ្វើវាបែបហ្នឹងផងដែរ ហើយនិងចៀសវាងការប្រឈមដាក់គ្នាដែលអាចធ្វើឲ្យកើតមានជម្លោះផ្ទៃក្នុង ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហាររបស់ខ្លួន ក្រោយជម្លោះឆ្លងកាត់ព្រំដែនអស់រយៈពេលជិត ១ឆ្នាំជាមួយក្រុមហេសបូឡា ។
ក្រុមអាជ្ញាធរលីបង់ និយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣.៥៤៤នាក់ នៅលីបង់ ចាប់តាំងពីជម្លោះចាប់ផ្តើម ។
ដោយឡែក យោងតាមតួលេខរបស់អ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហាររបស់ក្រុមហេសបូឡា បានសម្លាប់ជនស៊ីវិល ៤៣នាក់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ខណៈទាហាន ៧៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights ហើយនិងសង្រ្គាមនៅតំបន់ភាគខាងត្បូងលីបង់ ៕


