ប្រទេសចិន នៅថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) បានជំរុញឲ្យ «ស្ងប់ស្ងាត់» និង «អត់ធ្មត់» បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចេញការគំរាមកំហែងប្រើប្រាស់នុយក្លេអ៊ែរ ហើយអ៊ុយក្រែនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកចូលដែនដីរបស់រុស្ស៊ីជាលើកដំបូង។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានប្រតិកម្មតបយ៉ាងក្រេវក្រោធ ចំពោះការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងការផ្លាស់ប្តូរគោលនយោបាយ ស្តីពីអ៊ុយក្រែន ហើយអនុញ្ញាតឲ្យទីក្រុងគីវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលដែនដីរុស្ស៊ីជាលើកដំបូង។
ហើយកាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) លោក Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអាចឲ្យទីក្រុងមូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងបណ្ដារដ្ឋនានាដែលមិនមាននុយក្លេអ៊ែរ ដូចជាអ៊ុយក្រែននេះជាដើម ប្រសិនបើពួកគេត្រូវបានគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ។
ក្រោយមានក្រឹត្យនេះ មន្ត្រីជាន់ខ្ពស់មួយរូប បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារលើតំបន់ Bryansk របស់រុស្ស៊ី នៅមុននោះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា «ត្រូវបានធ្វើឡើងដោយប្រើមីស៊ីល ATACMS» ដែលជាការនិយាយយោងទៅលើប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ពដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
នៅថ្ងៃទី២០ ខែវិច្ឆិកា ទីក្រុងប៉េកាំងបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង។ នៅពេលត្រូវបានសួរអំពីក្រឹត្យនេះ និងការវាយប្រហារ នៅប្រទេសរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ន ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់ ដោយធ្វើការរួមគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ»៕


