រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និយាយនៅថ្ងៃពុធនេះថា ការសម្រេចចិត្តរបស់ចិនបដិសេធន៍មិនព្រមជួបជាមួយរូបលោក អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺជាដំណើរថយក្រោយមួយសម្រាប់តំបន់ទាំងមូល។
លោកនិយាយថា លោកសោកស្តាយកាលដែលសាធាណរដ្ឋប្រជាមានិតចិន ជ្រើសយកការមិនជួបគ្នានៅទីនេះ ។ ការសម្រេចចិត្តរបស់ចិន គឺជាដំណើរថយក្រោយមួយសម្រាប់តំបន់ទាំងមូល ។ ដូចដែលលោកធ្លាប់បាននិយាយញឹកញាប់អញ្ចឹងថា ពេលវេលាត្រឹមត្រូវជួបគ្នា គឺពេលណាក៏បាន ។
លោក Austin បន្តថា លោកពេញចិត្តនឹងប្រកាសផងដែរពីសមយុទ្ធសមុទ្រអាស៊ាន-សហរដ្ឋអាមេរិកលើកទី ២សម្រាប់ឆ្នាំក្រោយ ដែលរដ្ឋជាសមាជិកអាស៊ាន បានឯកភាពនៅពេលមុននេះ ។ លោកទន្ទឹងរង់ចាំជួបជាមួយសម្ព័ន្ធមិត្ត និងដៃគូសំខាន់ៗ ។
យោងតាមការធ្វើសេចក្តីរាយការណ៍ពី CNN បានឲ្យដឹងថា លោក Austinសង្ឃឹមថា នឹងបានជួបរដ្ឋមន្រ្តីការពារជាតិចិនលោក Dong Jun ប៉ុន្តែចិនបានច្រានចោលសំណើមួយនេះ ដោយលើកឡើងហេតុផលលក់អាវុធកាលពីពេលថ្មីៗដល់កោះតៃវ៉ាន់ ។
ប្រទេសផ្សេងទៀត ដែលចូលរួមជំនួបអាស៊ានមួយនេះ រួមមានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងចិន ៕


