មេដឹកនាំប្រឆាំងដ៏លេចធ្លោម្នាក់របស់ប្រទេសអ៊ូហ្គង់ដា លោក Kizza Besigye ដែលត្រូវបានចាប់ជម្រិត អំឡុងពេលដាក់ឲ្យប្រើប្រាស់សៀវភៅនៅប្រទេសកេនយ៉ានកាលពីចុងសប្តាហ៍កន្លងទៅ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ូហ្គង់ដា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារយោធានៅទីក្រុង Kampala ។ នេះបើយោងតាមការអះអាងរបស់ភរិយាលោកនៅលើបណ្តាញព័ត៌មានសង្គម X នាថ្ងៃពុធនេះ ។
លោក Besigye បានឡើងប្រកួតប្រជែងជាមួយប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Museveni នៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចំនួន ៤លើក ហើយនិងចាញ់រាល់លើក បើទោះបីជារូបលោកបានច្រានចោលលទ្ធផលបោះឆ្នោត ចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត និងការបំភិតបំភ័យអ្នកបោះឆ្នោតក៏ដោយ ។ លោកត្រូវបានចាប់ខ្លួនរាប់សិបលើកផងដែរ មុនការចាប់ខ្លួនលើកចុងក្រោយនេះ ។
អ្នកនាំពាក្យយោធាអ៊ូហ្គង់ដា មិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយភ្លាមៗបានឡើយ ហើយអ្នកនាំពាក្យនគរបាលជាតិកេនយ៉ាក៏ពុំបានឆ្លើយតបភ្លាមៗនោះដែរចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ។
កាលពីខែកក្កដាកន្លងទៅ ក្រុមអាជ្ញាធរកេនយ៉ា បានឃាត់ខ្លួនសមាជិក ៣៦នាក់របស់គណបក្សវេទិកាផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ(FDC) របស់លោក Besigye ដែលស្ថិតនៅក្នុងចំណោមគណបក្សប្រឆាំងសំខាន់ៗនៅប្រទេសអ៊ូហ្គង់ដា ហើយនិងបាននិរទេសពួកគេទៅកាន់ប្រទេសអ៊ូហ្គង់ដាវិញ ជាទីដែលពួកគេរងការចោទប្រកាន់ពីបទបំពានពាក់ព័ន្ធនឹងអំពើភេរវកម្ម ។
ភរិយា Winnie Byanyima របស់លោកសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា លោក Besigye ដែលធ្លាប់ជាតន្រ្តីកររបស់លោក Museveni អំឡុងសង្រ្គាមទ័ពព្រៃ ប៉ុន្តែក្រោយមកក្លាយជាអ្នករិះគន់ឥតសំចៃមាត់នោះ ត្រូវបានចាប់ជម្រិតកាលពីថ្ងៃសៅរ៍ អំឡុងការដាក់ឲ្យប្រើប្រាស់សៀវភៅរបស់អ្នកយោបាយប្រឆាំងជើងចាស់មា្នក់របស់កេនយ៉ា គឺលោក Martha Karua ៕


