ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars នៅថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទូលសុំសម្ដេច ប៉ាប ហ្វ្រង់ស៊ីស ឲ្យប្រើឥទ្ធិពលរបស់ព្រះអង្គ ជាមួយរដ្ឋាភិបាលដែលកាន់សាសនាគ្រិស្ត ដើម្បីបញ្ឈប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងអ្វីដែលសារព័ត៌មាន Fars បានពិពណ៌នាថា ជាសារទូលទៅសម្តេច ប៉ាប លោក Pezeshkian បាននិយាយថា៖ «សូមជំរុញដល់បណ្ដាមេដឹកនាំពិភពលោក ជាពិសេសរដ្ឋាភិបាលកាន់សាសនាគ្រិស្ត ធ្វើយ៉ាងណាទប់ស្កាត់ការបន្តលុកលុយដែលធ្វើឡើងដោយរបបឧក្រិដ្ឋអ៊ីស្រាអែល»។
គេហទំព័ររដ្ឋាភិបាលរបស់អ៊ីរ៉ង់បានឲ្យដឹងថា សារនេះត្រូវបានបញ្ជូនដោយគណៈប្រតិភូអ៊ីរ៉ង់ដែលចូលរួមក្នុងព្រឹត្តិការណ៍សន្ទនាសាសនាដែលប្រារព្ធឡើងនៅក្នុងបុរីវ៉ាទីកង់។
ទីក្រុងតេអេរ៉ង់ និងស្ថាប័ន Holy See (ស្ថាប័នគ្រប់គ្រងកណ្តាលនៃព្រះវិហាររ៉ូម៉ាំងកាតូលិករបស់បុរីវ់ាទីកង់) បានមានទំនាក់ទំនងការទូតជាផ្លូវការ តាំងពីឆ្នាំ១៩៥៤ ហើយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងឆ្នាំ២០២២ បានចែករំលែកសារមួយទៅសម្ដេច ប៉ាប ហ្វ្រង់ស៊ីស ដោយសាទរចំពោះ «ជំហររបស់ព្រះអង្គ ក្នុងការពង្រឹងទំនាក់ទំនង រវាងសាសនាអ៊ិស្លាម និងគ្រិស្ត»។
កាលពីសប្តាហ៍មុន សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានប្រាប់ឲ្យសហគមន៍ពិភពលោកគួរតែសិក្សាថា តើយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បង្កើតបានជាអំពើប្រល័យពូជសាសន៍ ចំពោះប្រជាជនប៉ាឡេស្ទីនដែរ ឬទេ ដោយនេះជាការរិះគន់ចំៗមួយចំនួនរបស់ព្រះអង្គរហូតមកដល់ពេលនេះនៃការធ្វើសង្គ្រាមរបស់អ៊ីស្រាអែល ដែលអូសបន្លាយរយៈពេលមួយឆ្នាំមកហើយនោះ៕

