រូបភាពវីដេអូឃ្លីបឃើញការខូចខាតអគាររស់នៅរបស់អ្នកស្រុក អំឡុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅទីក្រុងភាគខាងជើង Kiryat Shmona របស់អ៊ីស្រាអែលនាថ្ងៃពុធនេះ នៅជិតព្រំដែនប្រទេសលីបង់ ។
ទីក្រុង Kiryat Shmona ដែលស្ថិតនៅក្នុងចំណោមទីក្រុងធំៗបំផុតនៅតាមតំបន់ព្រំដែនភាគខាងជើងអ៊ីស្រាអែលនោះ ត្រូវបានជម្លៀសពលរដ្ឋចេញកាលពីខែតុលា ឆ្នាំមុន ស្របពេលមានការប្រយុទ្ធគ្នារវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា ។
គ្មានអ្នករងរបួស ត្រូវបានរាយការណ៍នោះទេ នៅក្នុងការវាយប្រហារនាថ្ងៃពុធនេះ ។
អ្នកសម្របសម្រួលជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា មាននូវឱកាសពិតប្រាកដ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ហើយគំលាតកាន់តែបិទជិត ដោយលោកផ្តល់សញ្ញាពីវឌ្ឍនភាពនៃកិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីងតោន ក្នុងការសម្រេចបានបទឈប់បាញ់ បញ្ចប់សង្រ្គាមមួយនេះ ។
ប្រេសិតពិសេសសេតវិមានលោក Amos Hochstein មាននូវជំនួបជាមួយប្រធានសភាលីបង់លោក Nabih Berri កាលពីថ្ងៃអង្គារ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ យល់ព្រមលើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក បើទោះបីជាមានសេចក្តីអត្ថាធិប្បាយមួយចំនួនលើខ្លឹមសារក៏ដោយ ៕