គណបក្សរបស់លោក Imran Khan នៅថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា តុលាការនៅក្នុងប្រទេសប៉ាគីស្ថាន បានផ្តល់ការធានាឲ្យនៅក្រៅឃុំ ចំពោះអតីតនាយករដ្ឋមន្ត្រី ដែលកំពុងជាប់ពន្ធនាគារ នៅក្នុងសំណុំរឿង ទាក់ទងនឹងការលក់អំណោយរបស់រដ្ឋដោយខុសច្បាប់។
លោក Khan វ័យ ៧១ឆ្នាំ បានជាប់ពន្ធនាគារ តាំងពីខែសីហាឆ្នាំមុន ប៉ុន្តែគេនៅមិនទាន់ច្បាស់ភ្លាមៗទេថា តើអ្នកនយោបាយដែលកំពុងជួបស្ថានភាពលំបាករូបនេះ នឹងត្រូវបានដោះលែង ដោយសារលោកត្រូវប្រឈមនឹងករណីមួយចំនួនផ្សេងទៀតដែរ ឬយ៉ាងណា ដោយក្នុងនោះរួមទាំងករណីញុះញង់ឲ្យមានអំពើហិង្សា ប្រឆាំងនឹងរដ្ឋផងដែរ។
លោក Salman Safdar មេធាវីមួយរូបនៃគណបក្សរបស់លោក បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើបានទទួលដីកាជាផ្លូវការនៅថ្ងៃនេះ ក្រុមគ្រួសារ និងអ្នកគាំទ្ររបស់លោក នឹងទាក់ទងទៅអាជ្ញាធរ ដើម្បីឲ្យមានការដោះលែងរូបលោក»។ មេធាវីរូបនេះបន្ថែមថា បើតាមការដឹងរបស់លោក លោក Khan ត្រូវបានធានាឲ្យនៅក្រៅឃុំ ឬដោះលែងឲ្យរួចខ្លួន ក្នុងគ្រប់សំណុំរឿង ដែលលោកត្រូវបានប្ដឹង។
គួររំលឹកថា នៅមុននេះ លោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Bibi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ជុំវិញការចោទប្រកាន់ដូចគ្នា។ ទោសនោះបានកើតឡើងបន្ទាប់ពីការផ្ដន្ទាទោសរយៈពេល ៣ឆ្នាំ លើរូបលោក នៅចុងឆ្នាំ២០២៣ នៅក្នុងករណីមួយផ្សេងទៀតនៃករណីដូចគ្នានេះ។
ការកាត់ទោសរបស់ពួកគេ ត្រូវបានព្យួរបណ្តឹងឧទ្ធរណ៍ នៅតុលាការជាន់ខ្ពស់។ អ្នកទាំង២ បដិសេធថា មិនបានប្រព្រឹត្តអ្វីខុសឡើយ ហើយចោទថា សំណុំរឿងនេះមានហេតុផលនយោបាយ ដើម្បីឃុំខ្លួន លោក Khan នៅក្នុងពន្ធនាគារ។ ភរិយារបស់លោក Khan ត្រូវបានដោះលែង កាលពីខែមុន បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជាច្រើនខែ៕