ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein និយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ ដើម្បីព្យាយាមសម្រេចឲ្យបានបទឈប់បាញ់ ជាការបញ្ចប់សង្រ្គាមជាមួយក្រុមហេសបូឡានៅប្រទេសលីបង់ ក្រោយប្រកាសវឌ្ឍនភាពបន្ថែមទៀតនៅក្នុងកិច្ចប្រជុំនៅទីក្រុងបេរូត ។
លោក Hochstein ដែលបានធ្វើដំណើរទៅដល់ទីក្រុងបេរូតនៅមុននេះ និយាយថាលោកមើលឃើញឱកាសពិតប្រាកដ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ហើយគំលាតកាន់តែបិទជិត ដោយលោកផ្តល់សញ្ញាពីវឌ្ឍនភាពនៃកិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីងតោន ក្នុងការសម្រេចបានបទឈប់បាញ់ បញ្ចប់សង្រ្គាមមួយនេះ ។
បន្ទាប់ពីជំនួបជាលើកទី២ ជាមួយប្រធានសភាលីបង់លោក Nabih Berri ដោយមានការយល់ព្រមពីក្រុមហេសបូឡា ក្នុងកាចរចាគ្នានោះ លោក Hochstein និយាយថា ជំនួបនៅថ្ងៃនេះ បានពង្រឹងដល់ជំនួបកាលពីថ្ងៃម្សិលមិញ ហើយបានបង្កើតវឌ្ឍនភាពបន្ថែមទៀត ។
លោកបន្តថា ដូច្នេះហើយលោកនឹងធ្វើដំណើរចេញពីទីនេះ ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីនាំកិច្ចចរចានេះ កាន់តែខិតជិតគ្នា បើសិនជាពួកយើងអាចធ្វើបាន ។
កិច្ចខិតខំផ្នែកការទូតនេះ មានគោលដៅបញ្ចប់ជម្លោះដែលបង្កឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅក្នុងប្រទេសលីបង់ ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា កាលពីខែកញ្ញាកន្លងទៅ ជាមួយនឹងការវាយប្រហារតាមច្រកអាកាស នៅតាមតំបន់ជាច្រើននៅលីបង់ និងបានបញ្ជូនទាហានរបស់ពួកគេចូលទឹកដីលីបង់ ៕