អ៊ុយក្រែនបានបាញ់មីស៊ីលមានឈ្មោះថា Storm Shadow របស់អង់គ្លេសចូលក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ទី២០ វិច្ឆិកាសប្ដាហ៍នេះ ជាអាវុធថ្មីបំផុតរបស់លោកខាងលិចដែលត្រូវបានបើកដៃឱ្យប្រើដាក់គោលដៅនានាក្នុងប្រទេសរុស្ស៊ីមួយថ្ងៃបន្ទាប់ពីបានបាញ់មីស៊ីលតាកទិករយៈចម្ងាយឆ្ងាយកងទ័ពឬ អាតាខឹមស៍(ATACMS)ចំនួន៦គ្រាប់របស់សហរដ្ឋអាមេរិក ។

ការវាយប្រហារនេះត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីនៅលើ Telegram និងបញ្ជាក់ដោយមន្ត្រីមិនបញ្ចេញឈ្មោះ។ អ្នកនាំពាក្យអគ្គសេនាធិការអ៊ុយក្រែនបាននិយាយថាលោកគ្មានព័ត៌មានទេ។

ទីក្រុងមូស្គូបាននិយាយថា ការប្រើប្រាស់អាវុធរបស់លោកខាងលិចវាយប្រហារទឹកដីរុស្ស៊ីឆ្ងាយពីព្រំដែននឹងដុតរោលឲ្យជម្លោះរាលដាលកាន់តែខ្លាំង។ទីក្រុង Kyiv និយាយថា ខ្លួនត្រូវការសមត្ថភាពក្នុងការការពារខ្លួនដោយការវាយលុកមូលដ្ឋានទ័ពជួរក្រោយរបស់រុស្ស៊ីប្រើដើម្បីគាំទ្រការលុកលុយរបស់ក្រុងមូស្គូ ដែលឈានចូលដល់ថ្ងៃទី១.០០០ ក្នុងសប្តាហ៍នេះ។
គណនីរបស់អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ីនៅលើTelegramបានបង្ហោះវីដេអូដែលពួកគេនិយាយថារួមមានសំឡេងនៃមីស៊ីលវាយប្រហារតំបន់ Kursk ដែលជាប់ព្រំដែនភាគឦសានអ៊ុយក្រែន។

សារព័ត៌មានធំៗចំនួន២គាំទ្ររុស្ស៊ីបាននិយាយនៅលើ Telegramថា អ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadows រហូតដល់ ១២ គ្រាប់ ចូលទៅក្នុងតំបន់ Kursk ហើយបានថតបំណែកមីស៊ីល មានសរសេរឈ្មោះថា Storm Shadow ដែលអាចមើលឃើញយ៉ាងច្បាស់។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕