ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលហៅកាត់ថា គ.ជ.អ.ប បានលើកឡើងថា ផែនការណ៍អនុវត្តវិមជ្ឈការ និងសហវិមជ្ឈការ បានប្រព្រឹត្តិយ៉ាងរលូន បើទោះបីជាប្រទេសជួបវិបត្តនៃមេរោគកូវីដ១៩ក៏ដោយនោះ។
ថ្លែងនៅក្នុង កិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ តាមរយៈវិដេអូហ្ស៊ួម សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «បើទោះបីប្រទេសយើងក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកបាននឹងកំពុងជួបស្ថានភាពលំបាក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយពេលវេលាតាំងពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះក៏ដោយ ក៏យើង នៅតែបន្តរួមសហការគ្នាក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះផង ព្រមទាំងរក្សាបាននូវនិរន្តរភាព ការបំពេញការងារតាមវិស័យជំនាញនានាដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចដំណើរការ កំណែទម្រង់នានាផងដែរ»។
ការកោះប្រជុំលើកទី១៩របស់គ.ជ.អ.ប.នាពេលនេះ គឺក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពនិងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្តីព្រាង ឯកសារកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ សម្រាប់ អនុវត្តពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ដែលគ្រោងនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចនាដើម ខែវិច្ឆិកាខាងមុខនេះ។
រាជរដ្ឋាភិបាលបាន អនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី១ (២០១០-២០២០) ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឱ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរួមជាមួយការផ្ទេរមុខងារ និងធនធានចាំបាច់នានាទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍនមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ក្នុងគោលបំណងជម្រុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចឲ្យរៀបចំកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដើម្បីសំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិឱ្យកាន់តែមានសក្តានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នោះគឺការស្ដារស្ថានភាពសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ-១៩ និងការបន្តជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗ ខាងមុខនេះ៕ អត្ថបទ៖ បាន ចក់