មេដឹកនាំក្រុមហេសបូឡា បាននិយាយយ៉ាងដាច់ខាត កាលពីថ្ងៃពុធ ថា អ៊ីស្រាអែល មិនអាចដាក់លក្ខខណ្ឌរបស់ខ្លួនសម្រាប់បទឈប់បាញ់បានឡើយ ខណៈបេសកជនរបស់សហរដ្ឋអាមេរិក លោក Amos Hochstein បានធ្វើដំណើរពីប្រទេសលីបង់ ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅក្នុងសេចក្តីថ្លែងការណ៍ បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាឱ្យអ៊ីស្រាអែលមាន «សេរីភាពក្នុងការធ្វើសកម្មភាព» ប្រឆាំងក្រុមហេសបូឡា។

លោក Hochstein បានប្រកាសនៅក្នុងប្រទេសលីបង់ថា លោកធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីព្យាយាមបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់សង្រ្គាមក្នុងប្រទេសលីបង់ ដែលបានរីកកាន់តែធំ កាលពីចុងខែកញ្ញា បន្ទាប់ពីរយៈពេលជិតមួយឆ្នាំនៃការបាញ់តគ្នាបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន នៅទូទាំងព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែល បានពង្រីកប្រតិបត្តិការរបស់ខ្លួនពីតំបន់ហ្កាហ្សា ទៅកាន់ប្រទេសលីបង់ ដោយប្តេជ្ញាធានាបានសុវត្ថិភាពនៅភាគខាងជើង និងអនុញ្ញាតឲ្យប្រជាជនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញដោយសារការបាញ់ផ្លោងឆ្លងព្រំដែន ត្រឡប់ទៅកាន់ប្រទេសវិញ។