អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី លោកស្រី Ulrika Richardson បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិតាមរយៈបណ្តាញអ៊ីនធឺណិតពីទីក្រុងព័រអូប្រាំង រដ្ឋធានី ប្រទេសហៃទី កាលពីថ្ងៃពុធថា ប្រទេសហៃទី មាន «ស្ថានភាពនៃការកើនឡើងអំពើហិង្សាកាន់តែច្រើន»

លោកស្រី Richardson បាននិយាយថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ យើងបានមើលឃើញ ពិតជាមានការកើនឡើងទាក់ទងទៅនឹងការសម្លាប់ និងចេតនាសម្លាប់ដោយគ្មានការជំនុំជម្រះទោស ជាផ្នែកមួយរបស់ក្រុមប្រដាប់អាវុធ»។
នគរបាលនិយាយថា សមាជិកក្រុមជនអន្ធពាលជាង២០នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីរបស់ប្រទេសហៃទី កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា បន្ទាប់ពីប្រជាជនបានចូលរួមជាមួយនគរបាលដើម្បីប្រយុទ្ធប្រឆាំងការប៉ុនប៉ងវាយប្រហារនៅតំបន់ភ្នំដែលសម្បូរធនធាននៅទីក្រុងព័រអូប្រាំង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តបេសកកម្មគាំទ្រ កាលពីខែតុលាឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថាប័ននេះ បានដាក់ពង្រាយតែមួយចំនួននៃបុគ្គលិកដែលបានសន្យាតែប៉ុណ្ណោះ។

មេដឹកនាំប្រទេសហៃទី បានជំរុញឲ្យមានការផ្លាស់ប្តូរទៅជាបេសកកម្មរក្សាសន្តិភាព ដើម្បីទទួលបានការផ្តល់មូលនិធិបន្ថែមទៀត។
មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរបស់ក្រុមជនអន្ធពាល និងជាង៧០០.០០០នាក់បានភៀសខ្លួនចេញពីលំនៅឋាននៅខាងក្នុងប្រទេស ធ្វើអោយមានការកើនឡើងនូវអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលបានមើលឃើញមនុស្សប្រហែល៦.០០០នាក់ ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានកម្រិតទុរ្ភិក្ស។