ប្រទេសម៉ិកស៊ិក បានប្រារព្ធខួបបដិវត្តន៍លើកទី១១៤ កាលពីថ្ងៃពុធ ដោយមានក្បួនព្យុហយាត្រានៅក្នុងទីក្រុង ដែលបានផ្តល់ការគោរពពិសេស ដល់ការចូលរួមរបស់ស្ត្រីនៅក្នុងកងកម្លាំងប្រដាប់អាវុធ។
ប្រជាជនម៉ិកស៊ិករាប់ពាន់នាក់ ដែលស្លៀកពាក់ក្នុងសម្លៀកបំពាក់បដិវត្តន៍ បានដើរដង្ហែរក្បួនតាមវិថី Reforma Avenue ជាផ្លូវសំខាន់មួយរបស់ទីក្រុងម៉ិកស៊ិក ឆ្ពោះទៅកាន់ទីលាន Zocalo ទល់មុខវិមានជាតិ ជាកន្លែងដែលប្រធានាធិបតី លោកស្រី ក្លៅឌា សេនបោម(Claudia Sheinbaum) ថ្លែងទៅកាន់អ្នកចូលរួម។
អ្នកចូលរួម បានសម្តែងរំលឹកឡើងវិញនៃការប្រយុទ្ធតស៊ូបដិវត្តន៍ក្នុងអំឡុងពេលដង្ហែក្បួន។
ថ្ងៃទី២០ ខែវិច្ឆិកា គឺជាថ្ងៃប្រារព្ធខួបនៃការចាប់ផ្តើមបដិវត្តន៍របស់ប្រទេសម៉ិកស៊ិកឆ្នាំ ១៩១០-១៩១៧ នៅពេលនោះប្រជាជនម៉ិកស៊ិក បានកាន់អាវុធប្រឆាំងរបបលោក Porfirio Diaz ដែលបានបន្តកាន់អំណាចរយៈពេលជាង៣ទសវត្សរ៍។
ទិវាបដិវត្តន៍របស់ប្រទេសម៉ិកស៊ិក ត្រូវបានប្រារព្ធនៅប្រទេសម៉ិកស៊ិក ជាថ្ងៃឈប់សម្រាកផ្លូវការ។