រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីនិយាយថា សកម្មភាពរបស់មីយ៉ាន់ម៉ាអាចធ្វើឱ្យចុះខ្សោយនូវគោលការណ៍សំខាន់មួយ ដែលគាំទ្រដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

យោងតាមការចេញផ្សាយរបស់ក្រសួងការពារជាតិសិង្ហបុរី (MINDEF) កាលពីថ្ងៃពុធ ២០ វិច្ឆិកាសប្ដាហ៍នេះបានឱ្យដឹងថាលោក អេន ជី អេងហែន (Ng Eng Hen) បាននិយាយថាអាកប្បកិរិយារបស់មីយ៉ាន់ម៉ាមានហានិភ័យធ្វើឱ្យប៉ះពាល់ដល់តួនាទីមជ្ឈភាពរបស់អាស៊ាន ដែលយើងបានបង្កើតយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ នៃកិច្ចសហប្រតិបត្តិការការពារជាតិ ។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM) នៅប្រទេសឡាវ លោកបណ្ឌិត អេន ជី អេងហែន បានបន្ថែមថាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលជាយន្តការពិគ្រោះយោបល់ និងសហប្រតិបត្តិការការពារជាតិកម្រិតខ្ពស់បំផុតរបស់ប្លុកក្នុងតំបន់អាចបាត់បង់ភាពជឿជាក់ដោយសារបញ្ហានេះ។

សហភាពមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលរបបយោធារបស់ខ្លួនបានដណ្តើមអំណាច និងបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលបង្កឱ្យមានការតវ៉ាសម្លាប់មនុស្សរាប់ពាន់នាក់ និងទុកឱ្យរបបយោធាក្ដាប់អំណាចដល់បច្ចុប្បន្ន។
ភាពជាកណ្តាល ឬនាទីមជ្ឈភាពរបស់អាស៊ាន សំដៅលើគោលការណ៍ដែលអាស៊ានគួរតែរក្សាតួនាទីនាំមុខក្នុងកិច្ចសហប្រតិបត្តិការ និងការទូតក្នុងតំបន់។ មីយ៉ាន់ម៉ាជាសមាជិកមួយក្នុងចំណោមសមាជិក១០ប្រទេសក្នុងប្លុកនេះ។
គោលការណ៍ឯកភាពរួម៥ចំណុច គឺជាផែនការសន្តិភាព ដែលបានព្រមព្រៀងដោយសមាជិកទាំង១០ប្រទេសរបស់ប្លុកនេះក្នុងក្ដីសង្ឃឹមថានឹងបញ្ចប់វិបត្តិនេះ ប៉ុន្តែមិនត្រូវបានរបបសឹកយកចិត្តទុកដាក់ឡើយ៕