ចេកស្រស់មួយផ្លែដែលបិទស្កុតជាប់នឹងជញ្ជាំង ជាស្នាដៃបែបគំនិតមួយមានចំណងជើងថា "អ្នកកំប្លែង" (Comedian) ដោយវិចិត្រករអ៊ីតាលី ម៉ៅរីហ្ស៊ីអូ កាតេឡាន (Maurizio Cattelan) លក់បានក្នុងតម្លៃ ៦,២លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយរបស់សារជីវកម្មសិល្បៈ សហ្វដឺប៊ីស (Sotheby's) កាលពីថ្ងៃពុធ (២០ វិច្ឆិកា) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ដើមឡើយត្រូវបានប៉ាន់ប្រមាណថានឹងលក់បានរហូតដល់ ១,៥លានដុល្លារ រូបសិល្បៈនេះបានទាក់ទាញការដេញថ្លៃពីអ្នកប្រកួតប្រជែងចំនួន ៧នាក់ មុនពេលចុងក្រោយត្រូវបានលក់ក្នុងតម្លៃ ៥,២លានដុល្លារ ជាមួយនឹងថ្លៃសេវារួមបញ្ចូល សរុបចុងក្រោយឈានដល់ ៦,២លានដុល្លារ។

យោងតាមកន្លែងដេញថ្លៃនេះបានឱ្យដឹងថា អ្នកប្រមូលទិញជនជាតិចិន និងជាស្ថាបនិកនៃវេទិការូបិយប័ណ្ណ TRON ឈ្មោះ Justin Sun ជាអ្នកឈ្នោះការដេញថ្លៃនេះ។ សារជីវកម្ម Sotheby's រាយការណ៍ថា រូបសិល្បៈនេះបានបញ្ចប់ដំណើរកម្សាន្តទៅកាន់ទីក្រុងចំនួន៩ ជុំវិញពិភពលោក ដោយទាក់ទាញអ្នកទស្សនាជាង ១២.០០០នាក់ ក្នុងពេលពីរសប្តាហ៍ ដែលនាំទៅដល់ការដេញថ្លៃ។
ស្នាដៃសិល្បៈនេះទទួលបានចំណាប់អារម្មណ៍នៅពេលដែលវាបង្ហាញខ្លួនកាលឆ្នាំ២០១៩ នៅសាលវិចិត្រសិល្បៈក្នុងទីក្រុង Miami Beach សហរដ្ឋអាមេរិក ខណៈអ្នកចូលរួមនាំគ្នាជជែកវែកញែកថា ថាតើផ្លែឈើពណ៌លឿងមួយដុំដែលជាប់នឹងជញ្ជាំងពណ៌សជាមួយស្កុតរុំពណ៌ប្រាក់នេះ គឺជាការលេងសើច ឬក៏ជាការចំអកដល់ស្តង់ដារដ៏គួរឱ្យសង្ស័យក្នុងចំណោមអ្នកប្រមូលសិល្បៈ។
ក្នុងការបង្ហាញខ្លួនលើកដំបូងនោះ វិចិត្រករម្នាក់បានយកចេកនោះចេញពីជញ្ជាំងមកហូប ប៉ុន្តែលោកមិនត្រូវគេស្ដីបន្ទោសទេ ហើយរូបសិល្បៈនោះក៏ត្រូវបានរៀបចំឡើងវិញដោយមិនមានបញ្ហាអ្វីឡើយ៕